បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ជនសង្ស័យឈ្មោះ វឿន វីរ: ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ សុខ ចាន់ធូ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ សុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី មេបញ្ជាការ បន្តថា បើតាមដើមបណ្ដឹង និងជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានជនសង្ស័យ១ក្រុមមានគ្នា០៣នាក់ បានមកវាយលើជនរងគ្រោះឈ្មោះ សុខ រិទ្ធីស័ក បណ្ដាលឱ្យរងរបួសចំក្បាល និងចេញឈាមតាមត្រចៀក ក្នុងខណៈពេលជនរងគ្រោះកំពុងអង្គុយលេង នៅសួនច្បារកោះពងសត្វ ។ក្រោយពីទទួលបានពាក្យបណ្តឹង និងការរៀបរាប់ប្រាប់ពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុធ្វើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានកាំបិតកែឆ្នៃ ដងដែកប្រវែង១១០សង់ទីម៉ែត្រ ១ដើម រួចបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហេត្ថក្រុងដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួននិងបក្សពួកខ្លួនផ្សេងទៀតពិតជាបានវាយទៅលើជនរងគ្រោះខាងលើ បណ្ដាលឱ្យរងរបួសដូចការចោទប្រកាន់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន ព្រមទាំងប្រើកាំបិតកែច្នៃកាប់បំផ្លាញម៉ូតូ០១គ្រឿងទៀតផងដែរ ដោយសារក្រុមជនរងគ្រោះធ្លាប់មានជម្លោះជាមួយក្រុមពួកគេកន្លងមក ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់បងស្រីជនរងគ្រោះ ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកបក្សពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីចាត់ការតាមនីតិវិធី៕