ព័ត៌មានជាតិ

រយះពេល ១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ជូនពលរដ្ឋ បានជាង ២១លានច្បាប់

ក្នុងរយៈពេល ១ឆ្នាំ កន្លងមកនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ យ៉ាង​ហោច​ណាស់មានសេវាអត្រានុលដ្ឋានចំនួន ៣ រួមមាន៖ ការចុះបញ្ជីកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ត្រូវបានមន្រ្តីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស ផ្ដល់​ជូនប្រជាពលរដ្ឋសរុប ចំនួន ២១ ១២៨ ០៣១ច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំ​ពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុខៈ បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំនេះ មន្រ្តីអត្តសញ្ញាណកម្ម ទទួលពាក្យ​ស្នើសុំ​កែ​តម្រូវ និងមោ​ឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ចំនួន ២៦ ១៥០ច្បាប់ ចេញសេចក្តីស​ម្រេចស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ចំនួន ២ ១៦៣ច្បាប់ ស្មើនឹងស្វាមី ឬភរិយា ចំនួន ២សញ្ាតិ។ ដោយឡែកការវាយបញ្ចូលបញ្ជីកំណើតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹម​ខែមីនា ឆ្នាំ២០២៤ មានចំនួន ៧ ២៩៤ ៦០០បញ្ជី។

លទ្ធផលសម្រេចបានលើការងារអត្រានុកូលដ្ឋានទាំង ៣ប្រភេទ ដូចបញ្ជាក់មកនេះ ជាស្នាដៃនៃកា​រខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់មូលដ្ឋាន និងក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានយក​ចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់ចំពោះសេវាដ៏ចាំបាច់នេះ។ នេះជាការគូស​បញ្ជាក់បន្ថែមពី​លោកប​ណ្ឌិត ទូច សុខៈ។ បើតាមលោកបណ្ឌិត នៅមានសេវាអត្តសញ្ញាណកម្មផ្សេងទៀត ដែលមន្រ្តីស៊ីវិល និងនគរបាលជាតិគ្រប់ថ្នាក់ បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋ ប្រកបដោយការ​ទទួលខុសត្រូវ​ខ្ពស់។

សូមបញ្ជាក់ថា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់កែលម្អការងារសំខាន់ៗជាច្រើនក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាម​ទស្សនៈ«ធ្វើ​អ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»អត្ថបទ៖ លោក សេង បូលីន មន្ត្រីក្រុមអ្នកនាំពាក្យ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button