ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ស្តូបអនុស្សារីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន
(ប៉ៃលិន)៖នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការ រង យោធភូមិភាគ នាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកំលាំង ប្រដាប់អាវុធក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សារីយ៍ន យោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិន នាពេលនេះបាន ប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដែល ក្នុងពិធីក្រុងពាលី នេះ មានការនិមន្តចូលរួម ពីសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបួងសួងសុំ សេចក្តីសុខ សេចក្តីចំរើន ដល់ដំណើរការសាងសង់ស្តូបអនុស្សារីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិននេះ អោយសំរេចបានលទ្ធផលល្អ ។
ក្នុងសុន្ទរកថាស្វាគមន៍ របស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើអោយប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅ ទូទាំងប្រទេសធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើ គ្រប់វិស័យ ហើយជាក់ស្តែង ក្រោមម្លប់សន្តិភាពនេះ បានធ្វើឲ្យខេត្តប៉ៃលិន មានឱកាសអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគ គួរឲ្យកត់សម្គាល់។
លោកជំទាវអភិបាលខេត្ត បានប្រសាសន៍ បញ្ជាក់ថា៖ ជាមួយនឹងសមិទ្ធិផលដ៏ថ្លៃថ្លាដែលខេត្តប៉ៃលិនទទួលបានក្នុងពេលកន្លងមក ថ្ងៃនេះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងមូល ទូទាំងខេត្តប៉ៃលិន មានសេចក្តីរំភើបសប្បាយរីករាយ និងពោពេញដោយមោទនៈភាព ជាទីបំផុត ដោយ ខេត្ត នឹងទទួលបានសមិទ្ធិផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រមិន អាចកាត់ថ្លៃបានមួយបន្ថែមទៀត គឺស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិនដែលបាន នឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាដើម្បីកសាងនាពេលនេះ ហើយសមិទ្ធិផលដ៏ថ្លៃថ្លានេះ នឹងផ្តល់នូវកិត្តិយស និងមុខមាត់ថ្មី បន្ថែមទៀតលើទឹកដីខេត្តប៉ៃលិន។
បើតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន បានអោយដឹងថា៖ យោងតាមអនុសាសន៏ណែនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍ បានរៀបចំសេនារីយូក្រុមការងារ សម្រាប់សេនាធិការ ចំនួន ៤ក្រុម មានក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក្រុមការងារខ្លឹមសារ និងក្រុមការងារធានា ហើយនៅក្នុងកិច្ចដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០ម៉ែត្រចុច៩ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តចំនែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ៣– ៥– ៧– គឺ១–បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២–កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣–កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូប អនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិននាពេលនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រំព្ញកឡើងវិញអំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួនដែលកម្ពុជាបានជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការ ឈឺចាប់ខ្លោចផ្សា មិនអាចថ្លែងបានចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ទុកនូវស្លាកស្នាមមិនទាន់រលុប អស់ នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះសមិទ្ធផលនៃ នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បង សម្រាប់ជំរុញ ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រមកជា ប្រជាជនមានចំណូលកម្រិតមធ្យម ៕