ជនជាតិខ្មែរនិងថៃ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងវេលាម៉ោង០០និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះប្រត្តិបតិការណ៍បង្ក្រាបករណីគ្រឿងញៀននៅក្បែរបេនឡាន(បេនចាន) ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១/.ឈ្មោះ ឈឿត សុគន្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ និង ២.ឈ្មោះ អាណានតាផន សែងផា ហៅ និក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤ថង់កិប ស្មើនឹង៤០គ្រាប់ ទម្ងន់ ៤,៧៨ក្រាម, ម៉ូតូ នួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកiphone11 ពណ៌ខ្មៅ), អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Arnantaporn Saengpha) ចំនួន ០១សន្លឹក រួចនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការចុះប្រត្តិបតិការណ៍បង្ក្រាបនេះបានធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានពីសន្តិសុខយាមនៅចំណុចខាងលើ ហើយក្រោយពីការឃាត់ខ្លួន សួនាំកម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន(+) ទាំងពីរនាក់។ នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលក់ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕