ព័ត៌មានជាតិ

ឌីជីថលក្នុងវិស័យម​ហាផ្ទៃ ៖ Cambodia e-arrival មា​នអ្នកចូលប្រើជាង ៤សែននាក់ និងអ្នកទា​ញយ​កកម្មវិធីជាង ២សែននាក់!

បន្ទាប់ពីដាក់ឱ្យដំណើរកា​រជាផ្លូវការ ​នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួច​ផ្ដើម​បង្កើតឡើង​ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័ន​ពាក់ព័ន្ធ ទទួលបា​នការចូលទៅប្រើប្រាស់ពីសា​ធារណជនជាងជាង ៤សែន ២ម៉ឺននាក់ហើយ បើគិ​តមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេ​លដាក់ឱ្យប្រើប្រាស់​សាកល្បង កាលពីដើមឆ្នាំ២​០២៤ មក។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង ៤សែននាក់ ក៏មានអ្នកទា​ញយ​កកម្មវិធី Cambodia e-arrival ជាង ២សែន ២ម៉ឺននាក់ទៀតដែរ ដោយ​ការទាញ​យកកម្មវិធីដ៏ទំ​នើប​នេះ មានទាំ​ងតា​មប្រព័ន្ធ Android ប្រព័ន្ធ iOS ប្រព័ន្ធ Huawei និងប្រព័ន្ធ Websit​e(វេបសាយ)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុក​ប្រព័ន្ធ​អេឡិច​ត្រូនិកស​លាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival គឺជាសមិទ្ធផ​លរួមមួយរប​ស់រាជរដ្ឋាភិបាល ក្រោមកា​រដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ​ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោក ដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ប្រព័ន្ធ Cambodia ​e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូលចេញប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំ​ណើរចូល​កម្ពុជាតា​មអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំ​ពេញព័ត៌មានតាម​ទម្រង់ដែលបានកំណត់​តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន៖ ទម្រង់សលាកបត្រអន្តោប្រវេសន៍ ពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។

សាធារណជន ឬអ្នកដំណើរជាតិ និងអន្តរជាតិ  អាចចូលបំពេញបាន ៧ថ្ងៃមុន ថ្ងៃចេញដំណើរ អាចប្រើបាន ៧ភាសា អាចបំពេញ ២ទម្រង់ គឺតាមរយៈ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.​gov.kh/tech_ap​plication​_suite ក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំ​ពាក្យដដែល ពេលនេះក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ឱ្យដំណើ​រការ Cambodia e-Arrival នៅ​អាកា​សយានដ្ឋានអន្តរ​ជាតិភ្នំពេញ​ សៀមរាបអង្គរ និង​ខេ្ត្រះសីហនុ មុននឹងបន្ត​អនុវត្តតា​មបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតនាពេលខាងមុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button