ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍បត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យ ២នាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះ មាស កក្កដា (វ៉ាង) ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០១និង០០នាទី ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន ១–ឈ្មោះ សុន វុធធឿន(តឿ) ភេទប្រុស និង ២–ឈ្មោះ ឡា លាង (តាំងតោ,លាង ឡា) ភេទប្រុស ។វត្ថុតាងដែលដកហូតបានមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ មួយគ្រឿង (របស់ជនរងគ្រោះ) ។ក្រោយពីឃាត់ខ្លួននាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលគឺវិជ្ជមានទាំងពីរនាក់។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានខ្ចីម៉ូតូ របស់ជនរងគ្រោះ យកទៅបញ្ចាំពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕