ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី ៤
(បន្ទាយមានជ័យ) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ ។
កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៦ សំខាន់ៗត្រូវលើកមកពិនិត្យពិភាក្សានិងអនុម័ត លើសេចក្ដីព្រាងនិងសម្រេចរបស់សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបំពេញការងាររបស់ខ្លួនជាច្រើន ជាពិសេសបានបំពេញតួនាទីត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ក្នុងកិច្ចការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ចការសង្គមក្នុងខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យភ្ជុំបិណ្ឌដែលកន្លងទៅផុតថ្មីៗនេះ ដែលប្រព្រឹត្តទៅយ៉ាងរលូននិងល្អប្រសើរ និងស្ដីអំពីការដាក់ឲ្យប្រើប្រាស់គោលនយោបាយណែនាំផ្នែកគោលនយោបាយសម្រាប់រៀបចំនិងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ២០២៥_២០២៩ និងកម្មវិធីវិនិយោគ ៣ ឆ្នាំកម្រិតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តក្រុមការងារបានរៀបចំយកចិត្តទុកដាក់លើវិស័យនិងសកម្មភាពជាចម្បងស្របតាមទម្រង់ឧបសម្ព័ន្ធគំរូនៃសេចក្ដីណែនាំបច្ចេកទេសស្តីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ខេត្តនិងស្របដោយក្របខណ្ឌគោលនយោបាយជាតិដែលមានខ្លឹមសារសំខាន់ៗសម្រាប់ ពិភាក្សានិងអនុម័តសេចក្ដីព្រាងតាមតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខេត្តសំរាប់ខែសីហាឆ្នាំ ២០២៤ និងថវិកាពង្រឹងយុទ្ធនាការរដ្ឋបាលខេត្តផងដែរ។
នាឱកាសនោះដែរ ឯកឧត្តម ប្លែក វ៉ារីបានសម្តែងការកោតសរសើរដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអង្គភាពរដ្ឋបាលក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធដែលបានធ្វើការបំពេញភារកិច្ចរបស់ខ្លួន បានទទួលភាពល្អប្រសើរនិងសូមឲ្យបន្តលើកកម្ពស់កិច្ចការងារសង្គមបន្តទៀត។
ឯកឧត្តម បន្តថា ពេលបច្ចុប្បន្ននៅខាងមុខនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺនៅតែមានបញ្ហាប្រឈមមួយចំនួននៅតែមានការលើកឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍បញ្ហាគ្រឿងញៀន ក្មេងទំនើង។ល។ ដូច្នេះសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធ នឹងត្រូវតែសហការ បង្ក្រាបទប់ស្កាត់ រាល់បទល្មើសនិងកាត់បន្ថយកុំឲ្យមានបញ្ហាប្រឈមដូចខាងលើនេះផងដែរ៕