រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការនិងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរផែនការខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីរលោក ប្រាក់ ប៉ូលី អភិបាលរង ខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យបានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេបលើកឡើងថា៖ មន្ទីរផែនការខេត្តមានបេសកកម្មទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងាររបស់ក្រសួងផែនការក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យផែនការ និងស្ថិតិ និងជាអង្គភាពចំណុះឲ្យក្រសួងផែនការតាមខ្សែបណ្ដោយ និងចំណុះឲ្យរដ្ឋបាលខេត្តតាមខ្សែទទឹង និងមានតួនាទីភារកិច្ចអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងផែនការតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះឯកឧត្តម ប៊ិន ត្រឈៃ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ សម្រាប់បេសកកម្មជួបសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនេះ គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឲ្យរដ្ឋមន្ត្រីជំនាន់ថ្មី ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទនៅតាមបណ្ដារាជធានីខេត្ត ដើម្បីពង្រឹង និងរឹតចំណងសាមគ្គីភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថ្លែងអំពីការងារកំណែទម្រង់ និងពង្រឹងស្ថាប័នរដ្ឋ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងអនុវត្តនិងបន្តជម្រុញ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន “ការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច” ជាស្នូល។
ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍តម្រង់ទិស និងចែករំលែកបទពិសោធន៍ សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តបន្ទាយមានជ័យ ក្នុងការបន្តពង្រឹងនិងជំរុញបន្ថែមលើការងារបណ្ដុះបណ្ដាល និងដុះខាត់សមត្ថភាពជាប្រចាំ ស្របតាមបរិបទនៃការប្រែប្រួលឆាប់រហ័សរបស់សកលលោក ដែលមាន “ធនធានមនុស្ស” ជាកត្តាសម្រាប់ថ្លឹងថ្លែងកម្លាំងជាតិ ការអភិវឌ្ឍរបស់ប្រទេសមួយ។
ជាទីបញ្ចប់ឯកឧត្តម ប៊ិន ត្រឈៃ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តបន្ទាយមានជ័យ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចាត់តាំង និងការបែងចែកភារកិច្ចច្បាស់លាស់ ព្រមទាំងការគិតគូរលើការសន្សំសំចៃថវិកាផ្ទៃក្នុង និងការបណ្ដុះបណ្តាលមន្ត្រីជាប្រចាំ៕