បុរសវ័យ ៥៣ឆ្នាំម្នាក់ ដេកស្លាប់នៅក្នុងអង្រឹងផ្ទះមិត្តភ័ក្ត្រដោយមិនដឹងពីមូលហេតុ ក្រោយពីទិញស្រាថ្នាំ និងទឹកក្រូចហូប
(បន្ទាយមានជ័យ) បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹងក្នុងបរិវេណផ្ទះឈ្មោះ ឌុល ថុន (ត្រូវជាមិត្តភ័ក្ត្ររបស់ជនរងគ្រោះ) ស្ថិតនៅភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
សពមានឈ្មោះ ដែង ពេក ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី ។តាមការបំភ្លឺរបស់ឈ្មោះ ឌុល ថុន ជាម្ចាស់ផ្ទះនឹងត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះបានអោយដឹងថា នៅវេលាម៉ោង៨:៣០នាទីថ្ងៃទី១០ ខែតុលា ជនរងគ្រោះបានទិញស្រាថ្នាំ និងទឹកក្រូច មកផឹកនៅផ្ទះរបស់ខ្លួនរហូតដល់ម៉ោង១០ជាង ជនរងគ្រោះបានប្រាប់ថា ងងុយដេក ក៏ទៅដេកអង្រឹងក្រោមសំយ៉ាបផ្ទះ លុះដល់ម៉ោង១២ជាង ប្រពន្ធ ឌុល ថុន បានស្រែកហៅហូបបាយ តែមិនឮជនរងគ្រោះឆ្លើយតប ខ្លួនក៏ដើរទៅមើល ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយមកក៏បានរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ។ក្រោយពីពិនិត្យរបស់គណៈកម្មការ និងជំនាញសុខាភិបាល ជាលទ្ធផលសាកសពពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័ និងអំពើឃាតកម្មឡើយ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕