សិក្ខាសាលាផ្សព្វផ្សាយគម្រោងបង្កើតអនាគត ការកសាងសមត្ថភាពយុវជន លើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពលរដ្ឋ(BYC)
(បន្ទាយមានជ័យ) អង្គការស្ដារកម្ពុជា បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយគម្រោង បង្កើតអនាគត ការកសាងសមត្ថភាពយុវជនលើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពលរដ្ឋ(BYC) ជូនដល់លោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក និងយុវជនចំនួន៤ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ ។សិក្ខាសាលានេះធ្វើនៅភោជនីយដ្ឋាន ថកធូកាហ្វេ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
លោក ញឹក សារិន នាយកប្រតិបត្តិអង្គការស្ដារកម្ពុជា បានឡើងមានមតិរាយការណ៍ឲ្យដឹងថា៖អង្គការស្នេហ៍កម្ពុជាគឺជាអង្គការក្នុងស្រុកមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ហើយអង្គការស្ដារកម្ពុជាមានគម្រោងបីសំខាន់ៗគឺ ១,កម្មវិសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ ២,កម្មវិធីធនធានធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ/កម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីកម្ពុជា ៣,កម្មវិធីបរិស្ថានស្អាតនិងប្រកបដោយការការពារ។
លោក នាយកប្រតិបត្តិអង្គការស្ដារកម្ពុជា បានបញ្ជាក់ថា គម្រោងនេះត្រូវការការចូលរួមពីយុវជនចំនួន ២៤នាក់សម្រាប់វគ្គទី២ វគ្គទី១. ១២នាក់សម្រាប់រយៈពេល៦ ខែចាប់ពី ខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ និងវគ្គទី២ ចាប់ពីខែមីនាដល់ ខែសីហា ឆ្នាំ២០២៥។គម្រោងនេះអនុវត្តនៅខេត្តបន្ទាយមានជ័យមានក្រុង ស្រុកចំនួន៤ គឺក្រុងសិរីសោភ័ណ, ស្រុកព្រះនេព្រះ, ស្រុកភ្នំស្រុក និងស្រុកស្វាយចេក។
ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានថ្លែងការកោតសរសើរដល់អង្គការស្ដារកម្ពុជាដែលបានរៀបចំបើកសិក្ខាសាលានេះឡើង ដើម្បីពង្រឹងសមត្ថភាពពួកគេក្នុងនោះមានជំនាញជីវិតជាមូលដ្ឋាន ជំនាញអភិវឌ្ឍន៍សហគមន៍ជាមូលដ្ឋាន និងចែករំលែកបទពិសោធន៍សំខាន់ៗ និងចូលរួមអនុវត្តគម្រោងសហគមន៍ខ្នាតូច។ជាពិសេសក្នុងគោលបំណង៖ ១,ដើម្បីបង្ហាញនិងផ្សាយសកម្មភាពគម្រោង ស្ដីពីការបង្កើតអនាគតការកសាងសមត្ថភាពយុវជន លើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពលរដ្ឋ។ ២,ស្នើរសុំការសហការ និងគាំទ្រការអនុវត្តសកម្មភាពគម្រោងដើម្បីអនុវត្តគម្រោងដោយជោគជ័យ។
លោក យឹម សំណាង បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនិងយុវជនទាំងអស់ដែលមានវត្តមាននៅពេលនេះត្រូវយកចិត្តទុកដាក់ស្ដាប់លើគ្រូឧទ្ទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងដើម្បីភាពជោគជ័យក្នុងការចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិឲ្យក្លាយជាអ្នកដឹកនាំឆ្នើមនិងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕