ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាស្តីពីសុខភាពនគរបាល និងការសិក្សាអំពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គសិក្ខាសាលាស្តីពីសុខភាពនគរបាល និងការសិក្សាអំពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជុំ ហេង អគ្គនាយករងភស្តភា និង ហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង និងសិក្ខាកាមជាច្រើនរូប។
សិក្ខាសាលានេះ មានរយះពេលចំនួន០២ថ្ងៃ គឺចាប់ថ្ងៃទី១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០២៤ មានមន្ត្រីនគរបាលចូលរួម ចំនួន៨០នាក់ មកពីការិយាល័យនគរបាលជំនាញ បណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការវរសេនាតូននគរបាលការពារព្រំដែនគោកទាំង៤។
គោលបំណងនៃការបង្កើតសិក្ខាសាលានេះឡើង គឺដើម្បីបណ្តុះបណ្តាលជំនាញខ្លីដែលផ្តោតលើ ការពង្រឹងសមត្ថភាពជំនាញផ្នែកសុខភាព (សុខាភិបាល) ដល់មន្ត្រីនគរបាល ដើម្បីយកទៅប្រើប្រាស់តាមអង្គភាពឲ្យមានប្រសិទ្ធភាព ដូចជា វិធីបង្ការ ទប់ស្កាត់ ជម្ងឺឆ្លង ការប្រើប្រាស់ឱសថ ការសង្គ្រោះបឋម ក្នុងករណីមានមន្ត្រីនគរនបាលឈឺ ឬគ្រោះថ្នាក់ការងារពេលចុះបំពេញការងារ។
ក្រៅពីនេះ មន្រ្តីនគរបាលយើងក៏អាចមានលទ្ធភាព ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ចរចរណ៍ ក្នុងគ្រាមានអាសន្ន គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនានាផងដែរ៕