ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ពូជស្រូវ​ជាង​៨តោន ជូនដល់​កសិករ​ដែល​រងគ្រោះដោយគ្រោះរាំងស្ងួត​ និ​ងជំនន់​ទឹកទន្លេមេគង្គ​ នៅស្រុក​ជើ​ងព្រៃ​

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិ​ការគ្រប់គ្រង​គ្រោះម​ហន្តរា​យខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ ផេង​ គឹមស្រ៊ុន​ អនុរដ្ឋលេខាធិ​ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៤​នេះ​ បាននាំយកពូជស្រូវ របស់រាជ​រដ្ឋាភិបា​លកម្ពុ​ជា តាមរយៈប្រព័ន្ធស្បៀងបម្រុង​ ប្រមាណ​ ៨,៣តោន​​ ផ្តល់ជូនប្រជាកសិករ​ ចំនួន​ ៨៣គ្រួសារ ដែល​រងគ្រោះដោយគ្រោះរាំងស្ងួត​ និងជំនន់​ទឹកទន្លេមេគង្គ​ នៅឃុំចំនួន៣​ ក្នុងស្រុក​ជើងព្រៃ​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៨.៣០០គីឡូក្រាម​ ជូនដល់ប​ងប្អូ​នប្រជាកសិករ ៨៣គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន​ ១០០គីឡូក្រាម​ ដើម្បីធ្វើការដាំដុះ​ស្តារ​ឡើងវិញ បន្ទាប់​ពី​រង​គ្រោះ​ដោយគ្រោះរាំងស្ងួត​ និងជំនន់​ទឹកទន្លេមេគង្គ​ នាពេលកន្លងមក​ ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​​ចុះ​បង្ហាត់​បង្រៀន​ពី​របៀប​នៃ​ការ​ដាំដុះ​ផងដែរ​។​

ឯកឧត្តមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ក្រសួង​កសិកម្មបាន​សំរិតសម្រាង​ពូជ​​ជូន​ហើយ​ គឺ​ពូជ​ស្រូវ​ OM5451​ ជា​ពូជ​ដែល​មិន​ប្រកាន់​ចំពោះ​​​រដូវ​កាល​ទេ​ ហើយ​​រយៈពេល​នៃ​ការ​ប្រមូល​​ផល​គឺ​ ៩០ទៅ​៩៥​ថ្ងៃ​ នេះ​ជា​រយៈពេល​ខ្លី​ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ ដូច្នេះនៅពេលដែល​បងប្អូនទទួល​បានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ស្តារ​ជីវភាព​គ្រួសារឡើងវិញ​។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋទាំង​អស់ សូមចូលរួមចំណែកថែរក្សាអនាម័យ លំនៅដ្ឋាន តាមរយៈ ការរស់នៅស្អាត ហូប​ស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកើតឡើង​ ដែលនាំឱ្យប៉ះ​ពាល់ដល់សេដ្ឋកិច្ចគ្រួសារ។​

បើ​តាម​លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា​ ឃុំចំនួន៣ ដែលត្រូវទទួលស្រូវពូជ នាឱកាសនេះរួមមាន៖​ ឃុំរងគ្រោះរាំងស្ងួត មានចំនួន ២ឃុំ​ គឺឃុំព្រីងជ្រុំ មានចំនួន ២ភូមិ ស្មើនឹង ១០គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ៥ហ.ត។​ ឃុំត្រពាំងគរ មានចំនួន ១ភូមិ ស្មើនឹង ៥០គ្រួសារ​ ផ្ទៃដីខូច​ខាតចំនួន ៣៥ ហ.ត។​ ឃុំរងគ្រោះជំនន់ទឹកទន្លេមេគង្គ ចំនួន ១ឃុំ​ គឺឃុំព្រៃចារ មានចំនួន ២ភូមិ ស្មើនឹង ២៣គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ១៦ហ.ត។​ សរុបទាំង ៣ឃុំ គឺមានចំនួន ៥ភូមិ ស្មើនឹង ៨៣គ្រួសារ ដែលមានផ្ទៃដីខូចខាតចំនួន ៥៦ ហ.ត​ ផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button