ពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ នៅក្នុងឃុំពានរោង ទទួលបានអំណោយ ពីប្រមុខថ្នាក់ដឹកនាំកំពូល
ខេត្តព្រៃវែង៖លោក លឹម សុខារស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពានរោង និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយនិងក្រុមការងារនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងឃីត របស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ផ្តល់ជូនដល់គ្រួសារចាស់ជរា ក្រីក្រលំបាក ចំនួន ៣០គ្រួសារ នៅក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ។
ក្នុងការអញ្ជើញចុះសួរសុខទុក្ខលោកយាយ លោកតា នោះលោក លឹម សុខារស្មី បានពាំនាំនូវសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ គ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយមអ្វីឡើយ។ទាំងនេះគឺបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្តទុកដាក់ថែទាំចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគ្រប់ កាលៈទេសៈគ្រប់ពេលវេលា ដោយមិនទុកបងប្អូនម្នាក់ចោលនោះទេ ។
ជាមួយគ្នានោះដែរលោក ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសកុំធ្វេសប្រហែសពីជំងឺកូវីដ–១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងត្រូវចូលរួមអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ–១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិសេសវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ និង២ចូលរួម ឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា៖សម្ភារៈដែលផ្តល់ជូនលោកយាយ លោកតា ទាំង៣០គ្រួសារនោះ ដោយលោកយាយ លោកតា ចាស់ជរាចំនួន ១០គ្រួសារ ទទូលបាន ម៉ុង,ភួយ ,កន្ទេល,ក្រមា, សារ៉ុង, អាវរងា និងថវិកា ២ម៉ឺនរៀល។ ដោយឡែក លោកយាយ លោកតា ចាស់ជរាក្រីក្រលំបាក ចំនួន ២០ គ្រួសារ ទទូលបាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ទឹកត្រី ១ យួរ, ត្រី ខ ១ យួរ, និងថវិកា ២ ម៉ឺនរៀលផងដែរ៕