ព័ត៌មានជាតិ

ខេត្តប៉ៃលិន ប្រារព្ធពិធីថ្វាយព្រះពរព្រះម​ហាក្សត្រ ក្នុងព្រះរា​ជពិធីបុណ្យខួបលើកទី២០ នៃការ​គ្រងព្រះបរមរាជសម្បត្តិ

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃ​លិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានប្រារព្វពិធីថ្វាយព្រះពរប​រវមហា​ប្រសើរថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​នៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបា​ល​ខេត្តប៉ៃ​លិន រួមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹ​ក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដា​ប់អាវុធ​ទាំងបី និងអភិបាលក្រុង/ស្រុក ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យខេត្ត ។

នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យ​ខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានេះរដ្ឋបាលខេត្តប៉ៃលិន បានធ្វើកិច្ច​តាមបែបព្រះពុទ្ធសាសនា និងរបាំថ្វាយព្រះពរបរវមហាប្រ​សើរដល់ករុណា​ព្រះបាទសម្តេចព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអាននូវសាលិខិត​ថ្វាយព្រះពរ ដែលមានខ្លឹមសារថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត!ក្នុងឱកាសខួបលើកទី២០ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរា​ជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹ​ងប្រព្រឹត្ត​ទៅនាថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព..២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឈានចូលមកដល់នាពេលខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល សូមព្រះ​បរម​រាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ ព្រះករុណាជាអម្ចា​ស់ជីវិតលើត្បូង ដែលព្រះអង្គតែងសព្វព្រះរាជទ័យយកចិត្តទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមបម្រើមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយទសពិ​ធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិត ដ៏មហាឈ្លាវៃ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបាននាំ​មកនូវភាពសុខដុមរមនា​ជូនប្រជារាស្ត្រខ្មែរ​នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជាដោយមិនរើសអើង និងមិនលំអៀង។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំង​អស់គ្នាសូមលើកហត្ថប្រ​ណម្យបួងសួងដ​ល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីលោកយាយយ៉ាត សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់គ​ង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ទូលព្រះបង្គំយើងខ្ញុំទាំង​អស់គ្នាជាប្រជា​រាស្ត្ររ​បស់ព្រះ​អង្គតរៀងទៅ

សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាច​ក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់ទ្រង់ព្រះ​មេត្តាប្រោសទទួ​ល នូវគារវកិច្ចដ៏ខ្ពស់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សេចក្តីគួរពុំគួរ សូមទ្រង់ព្រះ​មេត្តាប្រោស

សូមរំលឹកថា៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវជ្រើសតាំងឲ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពី​ការដាក់រាជ្យរប​ស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គ ហើយការជ្រើសតាំងនេះ ទទួលបានការយល់ព្រម ពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មាន សម្តេចតេជោ ហ៊ុន សែន អតីតនា​យករដ្ឋ​មន្ត្រី និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ ដោយសម្រេចយកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ ជាថ្ងៃសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងព្រះបរមរាជសម្បត្តិ ជាព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះប​រមនាថ នរោត្ដម សីហមុនី គឺ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោ​ភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលាសិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិ​បតី» មា​នសេចក្តីថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វា​មីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button