ខេត្តប៉ៃលិន និង​ខេត្តស្រះកែវ ប្រជុំ​អនុវត្ត​សម្ព័ន្ធមេត្រី​ភាព និង​ពង្រឹងកិ​ច្ចសហប្រ​តិបត្តិការ​ល្អ

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគណៈ​អភិ​បាលខេត្តប៉ៃលិន បានទទួលជួបប្រជុំពិភាគ្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំ​ដោយឯ​កឧត្តម ផារិនយ៉ា ភូធិសាត់ (H.E. Parinya Phuthisat) អភិបាលខេត្តស្រះកែវ ព្រះរាជា​ណាច​ក្រថៃ ដើម្បីអនុវត្តស​ម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំង២ (ប៉ៃលិន+ ស្រះកែវ) ឱ្យបាន​កាន់តែ​ល្អប្រសើរឡើង ដោយឆ្លើយតបទៅនឹងសក្តានុពល និងបម្រើឱ្យផលប្រយោ​ជន៍របស់​ប្រ​ជាជន និងប្រទេស​ទាំងពីរដោយស្មើភាព និងស្មោះត្រង់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​ស្វាគ​មន៍​យ៉ាងកក់ក្រៅ ចំពោះ​គណៈ​ប្រតិភូខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញម​ក​ខេត្ត​ប៉ៃលិន ក្នុង​គោលបំណ​ងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្ត​នៅជាប់ព្រំដែននៃប្រទេសទាំង២ ហើយជាក់​ស្តែងនាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បា​នសហ​ការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ១៩, បញ្ហា​ពលករឆ្លងដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិ​ជកម្មឆ្លង​ដែន, ផ្តល់កិច្ចសហការសម្រួលដល់អ្នកជំងឺខ្មែរដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិន​គិតពី​ពេលវលា ជាពិសេសការនាំចេ​ញកសិផល របស់ខេត្តប៉ៃលិន ទៅ​កាន់ព្រះរាជាណាចក្រថៃ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍សំ​ណូមពរដល់សមភាគីថៃ ខេត្តស្រះកែវ គាំទ្រវិស័យឯកជននៃខេត្ត​ទាំងពីរ ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងឡើង ដូចជា ការផ្លាស់​ប្តូរព័ត៌មានវិ​និយោគពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលសហគមន៍ (OTOP) យ៉ាងតិចពីរដងក្នុង​មួយ​​ឆ្នាំ ដោយប្តូរ​​វេនធ្វើជាម្ចាស់ផ្ទះ​គាំទ្រស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងឯកជន នៃប្រទេសទាំងពីរ។ សហ​ការជំរុញ និងសម្រួលពាណិជ្ជកម្ម និងវិនិយោគ នៅជាប់ព្រំដែន ហើយសម្រាប់អ្នកកា​ន់​ប័ណ្ណ​លិខិត​ឆ្លងដែន (Border Pass) ដូចជា អ្នកទេ​សចរ ឬកម្មករ អាចធ្វើដំណើរ ឆ្លងកាត់ព្រំដែនខេត្ត ដូចជា​កម្មករមកពីខេត្តច័ន្ទបុរី អ្នកអាចធ្វើដំណើរឆ្លងដែនទៅធ្វើការនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។

ជាការឆ្លើយ​តបឯកឧត្តម ផារិនយ៉ា ភូធិសាត់ (H.E. Parinya Phuthisat) អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរា​ល់សំ​ណូ​មពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំនូមពរ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហ​ប្រតិបត្តិការរវាងប្រទេស​ទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាព ។

សូមបញ្ជាក់ថា៖ នៅក្នុងកិច្ច​ប្រជុំនោះដែរ ខេត្តទាំងពីរ (ប៉ៃលិន+ ស្រះកែវ) ក៏បានប្តេជ្ញាគាំទ្រវិស័យ​ទេសចរណ៍​រវាងខេត្តទាំងពីរ ដើម្បី​ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងទំនាក់ទំនងសា​ធារណៈ​នៃតំបន់ទេសចរណ៍ក្នុងខេត្ត ដោយផ្សព្វផ្សាយ និងគាំទ្រការតាំងពិព័រណ៍សិល្បៈ និងវប្បធម៌ខេត្ត​ទាំងពីរ ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះតាមពេលវេលាសមស្របណាមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *