ព័ត៌មានជាតិ

ប្រពន្ធបាត់ប្តីជាជនជាតិចិន២ថ្ងៃ ប្រទះឃើញសាកសពអណ្ដែតទឹកនៅអាងទឹកអូខៃដន ចងភ្ជាប់ដុំដែក សង្ស័យករណីឃាត្តកម្ម

(បន្ទាយមានជ័យ) បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញសាកសពអណ្ដែតទឹកនៅអាងទឹកអូខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានសភាពហើមជាំ និងមានចងភ្ញាប់នឹងដុំដែកចំនួន០២ដុំទម្ងន់២០គីឡូក្រាម បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង០៦ និង០០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីបាត់ខ្លួន២ថ្ងៃមកនោះ ។

ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងទទួលបានព័ត៌មានមកថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ប្រពន្ធជនរងគ្រោះឈ្មោះ ទូច កញ្ញា ហៅហេង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានដាក់ពាក្យបណ្តឹងទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្ដីពីករណីបាត់ប្ដីឈ្មោះ ជឹង ហ័រកាង ហៅខាង អាយុ៣១ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៩ ខែតុលា ប្ដីរបស់ខ្លួនខាងលើបានជិះរថយន្តម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ផ្លាកលេខ ភ្នំពេញ 2BA 8553 ចំនួន០១គ្រឿង ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមកនៅវេលាម៉ោង០១ និង១០នាទី ឆ្លងចូលថ្ងៃទី៣០ ខែតុលា ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនវិញក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។

ក្រោយពីទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញកងរាជហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥ និង០០នាទី ថ្ងៃទី៣១ ខែតុលា នៅចំណុចបុរីខេអ៉ិន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្រទះឃើញរថយន្តជនរងគ្រោះខាងលើបានផ្លុងចោល និងបានដោះផ្លាកលេខចេញ។ ភ្លាមនោះកម្លាំងបានឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខេអ៉ិនប្រទះឃើញថា កាលពីវេលាម៉ោង០១ និង២០នាទី ថ្ងៃទី៣០ ខែតុលា មានរថយន្តចំនួន០១គ្រឿងម៉ាក Hyundai Starex ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តខាងលើយកមកផ្លុងចោលនៅក្នុងបុរី រួចក៏បានចេញពីបុរីបាត់ដំណឹងតែម្ដង។

ចំពោះរថយន្តជនរងគ្រោះខាងលើកម្លាំងបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រូលនីតិវិធីដោយឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបាននាំយករថយន្តខាងលើទៅ រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៦ និង០០នាទីព្រឹក ទើបកម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកនៅអាងទឹកអូខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឲ។ ភ្លាមនោះកម្លាំងក៏បានទៅដល់កន្លែងកើតហេតុប្រទះឃើញថាសាកសពនោះជាសពជនរងគ្រោះខាងលើ មានសភាពហើមជាំ និងមានចងភ្ញាប់ដោយដុំដែកចំនួន០២ដុំទម្ងន់២០គីឡូក្រាម។

បច្ចុប្បន្នសាកសពកម្លាំងជំនាញកំពុងធ្វើ កោសល្យវិច័យ ចំណែកជនសង្ស័យកំពុងធ្វើការស្រាវជ្រាបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button