ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់សម្តេចតេជោ ព្រមទាំងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
(ខេត្តកំពង់ចាម)៖ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាង ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រកបដោយចក្ខុវិស័យខ្ពស់ ហើយបំណងប្រាថ្នាដ៏ធំបំផុតរបស់សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍បែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ ផ្លូវបេតុង ផ្លូវកៅស៊ូAC និងផ្លូវកៅស៊ូ DBST ក្នុងក្រុងកំពង់ចាម ចំនួន៤២ខ្សែ ប្រវែងសរុប ៣១.៩១៧ម៉ែត្រ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាមួយគ្នានោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទចំពោះសមិទ្ធផលជាផ្លូវទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកពីទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។
ទន្ទឹមនោះដែរឯកឧត្តម ក៏បានថ្លែងអគុណ ចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់ សម្តេចតេជោ ហើយតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និងសូមបន្តជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមជាមួយនឹងការខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលវិជ្ជមានទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត៕