នាយឧត្តមសេនីយ៍ កែវ តាំ និងលោកជំទាវ ពិន នង រួមនិងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាដង្ហែរបុណ្យអង្គកឋិនទានមហាសាមគ្គី ចូលទៅកាន់វត្តពោធិ៍សុវណ្ណ សិលារាម ហៅវត្តអណ្ដូងថ្មមាស
(បន្ទាយមានជ័យ) នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ កែវ តាំ និងលោកជំទាវ ពិន នង រួមនឹងក្រុមការងារ ឯកឧត្តម លោកជំទាវអមដំណើរ និងអាជ្ញាធរមូលដ្ឋាន រួមនិងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាដង្ហែរបុណ្យអង្គកឋិនទានមហាសាមគ្គីប្រទក្សិណព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ រួចមកក៏បានរៀបចំធ្វើកិច្ចនៅក្នុងព្រះវិហារតាមប្រពៃណីទំនៀមទំលាប់ ព្រះពុទ្ធសាសនា ។ក្នុងនោះដោយបាននាំយកនូវគ្រឿងបរិក្ខារ និងត្រៃជីវរ ជាច្រើនចូលទៅកាន់វត្តពោធិ៍សុវណ្ណ សិលារាម ហៅវត្តអណ្ដូងថ្មមាស ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលបច្ច័យដែលបានមកពីការចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីនេះ ទុកសម្រាប់កសាងសមិទ្ធផលនានា ហើយទាំងនេះគឺជាការចូលរួមជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា និងទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាកន្លងមក រីឯបច្ច័យក្នុងអង្គកឋិនទាននេះទទួលបានគឺទុក្ខសម្រាប់បន្តការងារព្រះវិហារ។
នៅក្នុងឱកាសដង្ហែអង្គកឋិនទានមហាសាមគ្គីនេះគេសង្កេតឃើញថាទាំងព្រះសង្ឃ អាចារ្យ គណៈកម្មាធិការវត្ត ឯកឧត្តម លោកជំទាវ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ មានទឹកមុខជ្រះថ្លាពោរពេញទៅដោយស្នាមញញឹម សប្បាយរីករាយ ។
ក្នុងនោះនាយឧត្តមសេនីយ៍ កែវ តាំ និងលោកជំទាវ ពិន នង បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមនិងលោកជំទាវ កាន់ព្រះពុទ្ធសាសនា ខិតខំធ្វើបុណ្យ និងចំណាយថវិកាកសាងនូវសមិទ្ធផលនានា ពិសេសនៅតាមវត្តអារាម ហើយនៅរដូវបុណ្យកឋិនទាននេះ បានដឹកនាំក្រុមការងារដង្ហែរកឋិនទានបានច្រើនវត្តហើយដែរ ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃ និងសម្រាប់កសាងនូវសមិទ្ធផលនានាក្នុងវត្តផងដែរ។
ព្រះចៅអធិកាវត្តអណ្តូងថ្មមាសព្រះនាម ឈិន ណារិទ្ធ បានមានសង្ឃដីកាថា រាល់បច្ច័យដែលទទួលបានពីរឯកឧត្តម លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងអង្គកឋិនទាននេះសម្រាប់ទុកទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងបច្ច័យមួយចំនួនធំគឺសម្រាប់បន្តការសាងសង់ព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តផងដែរ។
ក្នុងនោះដែរព្រះអង្គ បានមានសង្ឃដីកាអរគុណចំពោះប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវថវិកានិងសម្ភារៈ ចូលរួមក្នុងអង្គកឋិនទាននាពេលនេះ ។ទាំងនេះស បញ្ជាក់ឲ្យឃើញពីស្មារតីសាមគ្គីគ្នារបស់ប្រជាជាតិខ្មែរយើង ក្នុងការជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើងឲ្យមានការរីកចម្រើនរុងរឿងជាបន្តបន្ទាប់។ជាមួយគ្នានេះដែរព្រះអង្គក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមបន្តចូលរួមបរិច្ចាគធនធាន ថវិកា សម្ភារៈដើម្បីសមិទ្ធផលនៃព្រះវិហារថ្មីមួយនេះឆាប់រួចរាល់ សម្រាប់ព្រះសង្ឃប្រើប្រាស់និងជួយសម្រួលដល់ពុទ្ធបរិស័ទមកបំពេញបុណ្យទានផ្សេងៗផងដែរ៕