ឯកឧត្ដម ស្វាយ សំអ៊ាង ជំរុញឲ្យអាជ្ញាធរនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ឯកឧត្ដម ស្វាយ សំអ៊ាង ឣភិបាលនៃគណៈឣភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុកនានា ក្នុងខេត្តស្ទឹងត្រែង។ ពិសេសកិច្ចការចំពោះមុខ ឯកឧត្តម អភិបាលខេត្ត ជម្រុញបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែរនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ និងការផ្ដល់ប័ណ្ណព័ត៌មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ព្រមទាំងផែនការចាំបាច់មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ និងឆ្នាំ២០២៤ ។
សូមជំរាបផងដែរថា របៀបវារៈសំខាន់ៗ ក្នុងកិច្ចប្រជុំរួមមាន៖
១.មតិបើកកិច្ចប្រជុំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
២.ការពិនិត្យលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមេសឆ្នាំ២០២២ និងទិសដៅបន្ត។
៣.មតិចូលរួមរបស់សមាជិក សមាជិកា។
៤.មតិបូកសរុប និងបិទកិច្ចប្រជុំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៕