ផ្លូវបេតុងមួយខ្សែខាងមុខផ្ទះលោកចៅសង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ដូចផ្លូវទៅឋាននរក
(បន្ទាយមានជ័យ) នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ចាប់ពីការ៉ាសសាំងឈ្មោះហ៊ុលសេងហាប់ រហូតកាច់ចូលផ្លូវបេតុងមួយខ្សែទៀត ចាប់ពីផ្លូវជាតិលេខ៥៨ ដ៏ដែលឆ្ពោះទៅខាងលិចត្រង់ រហូតដល់ក្បែរបងទីបញ្ជាការផ្នែកសឹករងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដូចផ្លូវទៅឋាននរកអញ្ចឹង មើលសឹងមិនយល់ ដីហុយ សំរាមពេញផ្លូវ ពលរដ្ឋពិបាកធ្វើដំណើរ ពិសេសអ្នករស់នៅអមសងខាងផ្លូវតែម្តង ហើយម្យ៉ាងវិញទៀតផ្លូវចំណុចខាងលើនេះនៅខាងមុខផ្ទះរបស់លោកចៅសង្កាត់អូឬស្សី ប៉ាន សេរី ទៀតផង មិនដឹងថា លោកចៅសង្កាត់រូបនេះ ចេញ-ចូលពីក្រោយផ្ទះឬក៏ពីមុខនោះទេ បានជាមើលមិនឃើញពីទុកកង្វល់របស់ពលរដ្ឋបែបនេះ។
ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបានរអ៊ូរទាំប្រាប់ភ្នាក់ងារយើងឲ្យដឹងថា ទាំងក្មេងនិងមនុស្សចាស់មានមេរោគសឹងពេញខ្លួនទៅហើយ បើរស់នៅជាមួយដីធូលីហូចូល និងស្អុយសំរាមនៅពេលទទួលទានអាហារម្តងៗវេទនាហូបមិនចូល។ទាំងនេះក៏ដោយសារក្រុមរកស៊ីដឹកជញ្ជូនអាចម៍ដីលក់យ៉ាងអនាធិបតេយ្យ មិនមានគ្របស្បៃឲ្យបានត្រឹមត្រូវជាហេតុធ្វើឲ្យជ្រុះដីរាយប៉ាយ បង្កជាដីហុយ និងពិសេសបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅពេលភ្លៀងធ្លាក់រអិលជាដើម និងមួយវិញទៀតសំរាមដែលជ្រុះរាយប៉ាយនៅលើផ្លូវទាំងនេះគឺក្រុមហ៊ុនដឹកជញ្ជូនសំរាម ដឹកពីរក្នុងក្រុង និងពីរោងចក្រអូរនាងទៅចាក់នៅទីលានចាក់សំរាម ដោយដាក់ហៀរ ហូ ធ្វើឲ្យជ្រុះរាយប៉ាយនៅតាមផ្លូវ និងមួយចំណែកតូចទៀតគឺពលរដ្ឋមួយចំនួនធ្វើដំណើរដោយភ្ជាប់ជាមួយសំរាមយកមកបោះចោលនៅតាមសងខាងផ្លូវ នៅពេលស្ងួតខ្យល់បក់ប៉ើងមកលើកទ្រូងផ្លូវតែម្តង មិនឃើញអាជ្ញាធរអើពើនោះឡើយ ។
ហើយក្តីកង្វល់និងទុកលំបាកដ៏ធំបំផុតរបស់ពួកគាត់មួយទៀតនោះគឺ រស់នៅក្នុងបរិស្ថានមិនល្អ ដីធូលីហុយចូល ជះក្លិនស្អុយសំរាមទាំងយប់ទាំងថ្ងៃ ពិសេសនៅរដូវវស្សា ខ្យល់បក់ម្ដងៗអ្នកនៅក្រោមខ្យល់ពិបាកក្នុងការដកដង្ហើម ទទួលទានអាហារ និងដំណេក ក៏ពិបាក ទាំងនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពជាខ្លាំង ខណៈទីលានចាក់សំរាមនៅក្បែរលំនៅឋានរបស់ពួកគាត់។ដូច្នេះហើយពួកគាត់ស្នើសុំឲ្យអាជ្ញាធរធ្វើការពិនិត្យ សិក្សារកដំណោះស្រាយ ចំពោះបញ្ហាខាងលើនេះផង។ពាក់ព័ន្ធករណីនេះអង្គភាពយើងមិនអាចសុំការបំភ្លឺណាមួយពីលោក ចៅសង្កាត់អូរឬស្សីបានទេដោយខលចូលមិនមានអ្នកទទួល តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបំភ្លឺពីលោករាល់ម៉ោងធ្វើការ ៕