រាជរដ្ឋាភិបាលកម្ពុជា សំរេចប្រកាសខេត្តព្រៃវែងគ្មានគ្រាប់មីន ជាខេត្តទី២ បន្ទាប់ខេត្តកែប
(ព្រៃវែង)៖ខេត្តព្រៃវែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សំរេចប្រកាសជាខេត្តគ្មានគ្រាប់មីន ហើយជាខេត្តទី២ បន្ទាប់ខេត្តកែប។ពិធីអបអរសាទរ “ការប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន”បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរកម្ពុជា គ្រប់គ្រងកំចាត់មីន និងសង្រ្គោះជនពិការ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោក Anthony Galliano ប្រធានសភា ពាណិជ្ជកម្មអាមេរិក នៅកម្ពុជា។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការខិតខំប្រឹងប្រែង របស់កងទ័ពមួកខៀវ ស៊ីម៉ាក់ អស់រយៈពេលជាច្រើនសប្តាហ៌ ទីបំផុតខេត្តព្រៃវែងត្រូវបានរាជរដ្ឋាភិបាលសំរេចប្រកាស គឺជាខេត្តទី២ដែលលែងមានគ្រាប់មីនប្រឆាំងមនុស្សតទៅទៀត ហើយនេះគឺជាដំណឹងដ៏វិសេសវិសាលមួយសំរាប់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ជាពិសេសគឺបងប្អូនប្រជាកសិករ ព្រោះពួកគាត់លែងព្រួយបារម្មណ៌ខ្លាចភ្ជួរដីប៉ះចំគ្រាប់មីនផ្ទុះស្លាប់របួសដូចមុនទៀតហើយ។
ឯកឩត្តម លី ធុជ បានមានប្រសាសន៍បន្តថា ខេត្តព្រៃវែង ក៏ដូចជាបណ្តាខេត្តដទៃទៀតដែរ ដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាមដ៏ជូរចត់ ការឈឺចាប់ខ្លោចផ្សារពីអតីតកាល ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពដ៏ពេញលេញ អាចអោយប្រជាពលរដ្ឋ រស់នៅដោយសុខសាន្ត គ្មានហានិភ័យ កាត់បន្ថយបាននូវអត្រានៃការស្លាប់ ពិការ កុមារកំព្រា ស្ត្រីមេម៉ាយ ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
ឯកឩត្តមបញ្ជាក់ថា ខេត្តព្រៃវែងគឺជាខេត្តទី២ ដែលត្រូវបានរាជរដ្ឋាភិបាលសំរេចប្រកាសជាខេត្តគ្មានគ្រាប់មីន បន្ទាប់ពីខេត្តកែបដែលជាខេត្តទី១ ហើយតាមគំរោងនៅមានរាជធានី–ខេត្តចំនួន៧ទៀត ដែលហ្នឹងត្រូវប្រកាសជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ ថាជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្សដូចគ្នា។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ក្រុមការងាររបស់ឯកឧត្តម លី ធុជ ដែលបានសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងសូមវាយតម្លៃខ្ពស់ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរចំពោះខេត្តព្រៃវែង ជាខេត្តអស់មីន ដែលជាសិមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន៕