រដ្ឋបាលខេត្តប៉ៃលិន បើកវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
ថ្លែងបើកអង្គពិធីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ «ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់»។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការរៀបចំវេទិការនេះ គឺដើម្បីពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នថ្នាក់ជាតិ រួមគ្នាវាយតម្លៃ អំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែប្រសើរឡើង ដោយវេទិកានេះ នឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់ ៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងនាឆ្នាំនេះផងដែរ ហើយយ៉ាងណាមិញ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋចំគោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅ ។
ជាមួយគ្នានោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ស្នើសុំឱ្យអង្គវេទិកាទាំងមូល មន្ទីរ/អង្គភាព/ស្ថាប័ននានា ពិសេសអង្គក្រុមប្រឹក្សានីមួយៗ នៅថ្នាក់ក្រោមជាតិ ដែលសុទ្ធតែពាក់ព័ន្ធក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សូមធ្វើយ៉ាងណា មិនត្រូវស្ទាក់ស្ទើរ ឬខ្លាចប៉ះពាល់ ក្នុងការលើកឡើង និងលើកយកមកឱ្យអស់នូវរាល់បញ្ហាប្រឈមជាក់ស្តែង ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីដាក់ជូនអង្គវេទិកា ក្នុងការដោះស្រាយទាំងអស់គ្នា ដើម្បីឈានទៅរកដំណោះស្រាយរួមមួយឱ្យបានសមស្រប និងជាក់លាក់បំផុតផងដែរ៕