ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបុណ្យ ចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

(បន្ទាយមានជ័យ):នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបុណ្យ ចម្រើនព្រះជន្ម ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការនិមន្ត និងអញ្ជើញពីព្រះមន្ត្រីសង្ឃនៃសាលាគណ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោក លោកស្រី តាជី យាយជី ជាច្រើនអង្គ/នាក់ផងដែរ។

ក្នុងពិធីដ៏ឧត្តុងឧត្តមនោះ ឯកឧត្តម អ៊ុំ រាត្រី បានអានសារថ្វាយព្រះពរ ដែលមានខ្លឹមសារថា ទូលព្រះបង្គំខ្ញុំម្ចាស់ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាសេ្វតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រខ្មែរអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button