យុវជនម្នាក់បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង សុខឃឹម ភេទប្រុស អាយុ១៧ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត និង ដកហូតវត្ថុតាងកាំបិត ប៉័ងតោ ចំនួន ០១ដើម នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ ក្រោយពីរ ជនសង្ស័យខាងលើបានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ ឈឿន ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលឱ្យរងរបួស(ធ្ងន់) កាលពីវេលាម៉ោង០៥ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេឡាស់វេហ្គាស់ (Lasvegas KTV) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះស្តីបន្ទោសឱ្យខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕