អាវុធហត្ថ បញ្ជូនខ្លួនយុវជនម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីម៉ូតូ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខរបស់កាស៊ីណូនាគទិព្វនៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មានករណីលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឃ្លិក ពណ៌ក្រហម គ្មានស្លាកលេខ។ ភ្លាម នោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ភិន ភីន (វី) ភេទប្រុស អាយុ៣៩ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឃ្លិក ពណ៌ក្រហម ស្លាកលេខ ០១គ្រឿង យកទៅរក្សាទុកនូវមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់ម៉ូតូ) ចំណែកជនសង្ស័យកម្លាំងជំនាញសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន ។ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕