ជនជាតិថៃប្រុសស្រី១០នាក់ រួមជាមួយនឹងគ្រឿងញៀនជាង ១ម៉ឺនគ្រាប់ ត្រូវបាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនជាតិថៃប្រុសស្រីចំនួន១០នាក់ រួមជាមួយនឹងគ្រឿងញៀនជាង ១ម៉ឺនគ្រាប់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទី លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះល្បាតនៅក្នុងភូមិសាស្ត្រតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លុះដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងយើងបានជួបមុខសញ្ញាជនសង្ស័យម្នាក់មានឈ្មោះ ចាក់គីត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ រស់នៅភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ដកហូតបានសម្ភារៈ និងវត្ថុតាងថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន០៣គ្រាប់,លិខិតឆ្លងដែនមួយក្បាល ,អត្តសញ្ញាណសញ្ជាតិថៃមួយ។
បន្ទាប់មកនៅថ្ងៃខែឆ្នាំ ដដែលវេលាម៉ោង២២:០០នាទី ដោយមានការចង្អុលបង្ហាញពី ឈ្មោះចាក់គីត អ៊ុនដេ បានសហការជាមួយសមត្ថកិច្ចបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់/ស្រី០៤នាក់ ជាជនជាតិថៃ នៅម្តុំបុរីសុខស្រេង(ហែលទឹក) ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
១.ឈ្មោះសុផាកន បួរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។
២.ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ។
៣.ឈ្មោះគីត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។
៤.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ។
៥.ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ។
៦.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។
៧.ឈ្មោះផន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ។
៨.ឈ្មោះឈុនធីឆាវវងថាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។
៩.ឈ្មោះផិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។
រួចហើយកម្លាំងយើងសុំធ្វើការត្រួតពិនិត្យបន្ទប់ជួលរបស់ជនសង្ស័យរកឃើញមានសម្ភារះនិងវត្ថុតាង រួមមានៈថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៧៦គ្រាប់),ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់) ,ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់) ,ម្សៅក្រាមស ថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់,លិខិតឆ្លងដែនមួយក្បាល,អត្តសញ្ញាណសញ្ជាតិថៃមួយ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង និងទូរស័ព្ទដៃចំនួន០៦គ្រឿង។
បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជក់ថា ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕