កិច្ចប្រជុំពិភាក្សា រវាងមន្ត្រីស្ដាប័ន ពាក់ព័ន្ធ ជាមួយប្រតិភូធនាគារ អភិវឌ្ឍន៍អាស៊ី នៃគម្រោងកម្មវិធីវិនិយោគភាពធន ប្រែសម្រួលអាកាសធាតុ
ខេត្តបន្ទាយមានជ័យ៖លោក ឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី ADB នៃគម្រោងកម្មវិធីវិនិយោគ ភាពធន់ នឹងបម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពទីក្រុងរួមមាន ក្រុង សេរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី។ ពិធីនេះបានធ្វើឡើងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យគ្រប់គ្រង រចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តរដ្ឋបាលស្រុក ក្រុង អង្គភាព។
លោក អូវឹន ភីលីប ដែលជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ីអេ.ឌី.ប៊ី ADB បានលើកឡើងជាសំណួរថា តើរចនាសម្ព័ន្ធទាំងអស់នៅក្នុងក្រុងគោលដៅដែលយើងកំពុងតែសាងសង់ស្ថាបនា តើការគ្រប់គ្រងបែបណា ឲ្យមានប្រសិទ្ធភាព ហើយចំពោះផែនការអង្គភាព ការជំរុញបែបណា ដើម្បីឲ្យមានលំនឹង និង ប្រសិទ្ធភាពចំពោះការគ្រប់គ្រង ថវិកាចំណូលចំណាយមានលក្ខណៈបែបណា តើមានតម្រូវការចាំបាច់ណាខ្លះសម្រាប់រៀបចំផែនការថវិកាឲ្យបានត្រឹមត្រូវ។
លោកបន្តថា យើងសង្កេតឃើញនាពេលបច្ចុប្បន្ននេះ ការបម្រែបម្រួលអាកាសធាតុគឺជាបញ្ហា ដែលយើងត្រូវចូលរួមដោះស្រាយក្នុងឆ្នាំ២០២៧-២០២៨ យើងនឹងវិនិយោគប្រព័ន្ធទឹកកខ្វក់ និងទីលានចាក់សំរាមភ្លើងបំភ្លឺក្នុងទីប្រជុំជននិងទប់ស្កាត់ រំដោះទឹកជំនន់។ លោកបញ្ជាក់បន្ថែមទៀតថា ចំណុចសំខាន់នៃកិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ ផ្តោតសំខាន់ទៅលើទី១ បម្រែបម្រួលអាកាសធាតុនេះព័ន្ធនឹងភាពធន់ ពង្រឹងសមត្ថភាព និងគ្រោះធម្មជាតិផ្សេងៗ និងការប្រើប្រាស់ដីធ្លីគឺជាផែនការកត្តាសំខាន់។ ទី២ គ្រោងរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ទីលានចាក់សំរាម និងវិធានការការពារគ្រោះទឹកជំនន់ជាក់ស្ដែងអេ.ឌី.ប៊ី ADB បានជួយដល់ខេត្តមួយចំនួនរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងកំពង់ឆ្នាំង រចនាសម្ព័ន្ធដែលបានកើតឡើង ហើយនោះគឺពុំបានថែទាំ ហេតុនេះគឺជាបញ្ហា អ្វីដែលបានកើតមានរួចមកហើយ គឺសំខាន់ឲ្យមានដំណើរការនិងការចូលរួមថែទាំជាប្រចាំ។
លោក ឃ្លោក នួយ អភិបាលរង ខេត្ត បានថ្លែងនូវអំណរគុណចំពោះធនាគារអភិវឌ្ឍន៍ អាស៊ីអេឌីប៊ី ADB ដែលបានរៀបចំសហការ ជួយដល់ប្រជាជនកម្ពុជាពិសេសជួយដល់ហេដ្ឋារចនាសម្ព័ន្ធនានានិងជួយ គ្រោះធម្មជាតិផ្សេងៗ ។លោកអភិបាលរងខេត្តបានបន្ថែមថា សម្រាប់ខេត្តបន្ទាយមានជ័យៈរយៈកាលកន្លងមកបញ្ហាទឹកជំនន់ជន់លិចស្ទើររៀងរាល់ឆ្នាំ ហើយដល់ពេលរដូវប្រាំងគឺមានការខ្វះទឹកប្រើប្រាស់ ទៅវិញ។ ហើយក៏បានសំណូមពរដល់អេ.ឌី.ប៊ីADB សុំជួយស្ថាបនាការស្ដារស្ទឹង បឹងអូរប្រឡាយ ធ្វើសំណង់ស្ទាក់ទឹកតាមបណ្តាស្ទឹង និងព្រែកផងដែរ៕