ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងនាឡិកា ត្រូវអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេជ្រ សេដ្ឋាមុន្នី ភេទស្រី អាយុ៣២ឆ្នាំ មានអាសយដ្ឋានភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ស្ដីពីករណីចោរលួចម៉ូតូ និងនាឡិកា កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ បន្ទាប់មកនៅថ្ងៃទី០៥ ខែធ្នូ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះបាននាំជនសង្ស័យចំនួន០២នាក់ ឈ្មោះ ថៃ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ អុក ប្រុសពៅ ភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងរកឃើញនាឡិកាដៃ ពណ៌ទឹកប្រាក់ ០១គ្រឿងវិញផងដែរ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីឱ្យសមត្ថកិច្ចសួរនាំតាមនីតីវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេមានគ្នា៣នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ និងនាឡិការបស់ជនរងគ្រោះពិតប្រាកមែន ចំពោះម៉ូតូបក្សពួករបស់ខ្លួនឈ្មោះ ម៉ែន ភេទប្រុស បានយកទៅលក់ហើយយកលុយមកចែកគ្នាចាយអស់ ហើយឈ្មោះ ម៉ែន មិនដឹងគេចខ្លួនទៅណាទេ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង ទើបកម្លាំងជំនាយមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកឈ្មោះ ម៉ែន សមត្ថកិច្ចស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើក្រោយពីឃាត់ខ្លួនសួនាំរួចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕