ជនជាតិថៃម្នាក់ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀញៀន ត្រូវឣាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខ ករណីលក់និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចអគារស្នាក់នៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំភី ចាំលាង ហៅ ឃីង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៧ថង់កិប ស្មើនឹង១៧០គ្រាប់ ទម្ងន់២៥,០៣ក្រាម, ទូរសព្ទ ចំនួន០៥គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ និងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(+) ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយនាចុងសប្តាហ៍នេះ ដើម្បីអនុវត្តតាមនីតិវិធី៕