បុណ្យដង្ហែឆ្លងព្រះបរមសារីរិកធាតុ វត្តគិរីធម្មបទខ្លាកូនថ្មី ក្នុងក្រុងសេរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ដើម្បីជាទីគោរពសក្ការៈបូជាសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជននានា បានឧទ្ទិសថ្វាយចំពោះទ្រង់នោះ ព្រះចៅអធិការវត្ត ព្រះឥន្ទមុនីវង្សា សំ វណ្ណថា អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត គិរីធម្មបទខ្លាកូនថ្មី ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានស្រុះស្រួលមូលមតិគ្នាផ្ដួចផ្ដើមធ្វើបុណ្យដង្ហែព្រះបរមសារីរិកធាតុ មកពីក្រុងប៉ោយប៉ែតដែលជាទ្ធាជ្រះថ្លា ឧបាសក ផាន់ ថាំង និងកូនចៅ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អាជីវករប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានរៀបចំពិធីដង្ហែដោយថ្មើជើងចេញពីសាលាក្រុងសិរីសោភ័ណ យកមកដំកល់ក្នុងសាលាធម្មសភា វត្តគិរីធម្មបទខ្លាកូនថ្មី សម្រាប់ជាទីគោរពសក្ការៈបូជា។
ព្រះគ្រូចៅអធិការវត្តខ្លាកូនថ្មី ព្រះនាម ព្រះឥន្ទមុនីវង្សា សំ វណ្ណថា ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា ការដង្ហែព្រះបរមសារីរិកធាតុនេះគឺមាន ៧អង្គ ទី១ គឺ ព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ទី២ ព្រះសារីបុត្រ ទី៣ ព្រះមោគ្គល្លាន ទី៤ ព្រះអានន្ទ ទី៥ ព្រះកស្សបៈ ទី៦ ព្រះរាហ៊ុល និងទី៧ ព្រះសិម្ដីលី។
ក្រោយពីពិធីដង្ហែព្រះបរមសារីរិកធាតុ ក៏បានរៀបចំពិធីទៅតាមបែបប្រពៃណី ព្រះពុទ្ធសាសនានៃយើង រួមមានចម្រើនព្រះបរិត្ត សម្ដែងព្រះធម្មទេសនា ដោយព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត និងពិធីអភិសេកព្រះពុទ្ធអង្គទាំង ៧អង្គ លុះដល់ពេលថ្ងៃបន្ទាប់មានពិធីរាប់បាត្រព្រះសង្ឃចំនួន ៨០អង្គ និងលោកឧកញ៉ា ហង្ស ស៊ីផា ក៏បានចែកជូនជាសៀវភៅ ប៉ិច ដល់សិស្សានុសិស្សដែលបានចូលរួម។
សូមបញ្ជាក់ដែរថា វត្តគិរីធម្មបទខ្លាកូនថ្មី គឺជាវត្តស្ថិតនៅលើខ្នងភ្នំ ហើយរាល់សមិទ្ធផលនានាជាច្រើនកំពុងសាងសង់ និងត្រៀមកសាងនូវព្រះវិហារថ្មីមួយទៀត អាស្រ័យហេតុនេះក្នុងនាមព្រះចៅអធិការវត្ត ខ្លាកូនថ្មី ធ្វើការបិណ្ឌបាត អំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទគ្រប់ទិសទី មេត្តាចូលរួមជាសទ្ធាជ្រះថ្លា ឈោងចាប់មគ្គផល កុសលផលបុណ្យឲ្យបានរៀងៗខ្លួនផងចុះ៕