កម្ពុជា-ថៃ បើកកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងផ្ដល់ព័ត៌មានជូនគ្នាទៅវិញទៅមកនូវពេលពលរដ្ឋជួបបញ្ហាផ្សេងៗ
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំពិធីសំណេះសំណាលពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដោយភាគីកម្ពុជាដឹកនាំដោលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត មានការចូលរួមពីលោកនាយរងប៉ុស្តិ៍ នាយផ្នែក–នាយរងផ្នែក និងមន្ត្រីអង្គភាពទេសចរណ៍ ។ចំណែកភាគីថៃ ដឹកនាំដោយលោក PASUKUN TEERA-OUTAKORN អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួន និងនគរបាលអន្តោប្រវេសច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ។
កិច្ចពិភាក្សាបានផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ និងការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ ពិសេសចំពោះពលរដ្ឋថៃ ដែលស្នាក់នៅធ្វើការងារតាមក្រុមហ៊ុននានាក្នុងក្រុងប៉ោយប៉ែត ពេលពួកគាត់ជួបនឹងបញ្ហាផ្សេងៗត្រូវផ្ដល់ព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីរួមគ្នាដោះស្រាយ និងការពារសុវត្ថិភាពជូនពួកគាត់ ។
ក្នុងនោះដែរលោក PASUKUN TEERA-OUTAKORN បានសំណូមពរមកភាគីកម្ពុជាពេលដែលបញ្ជូនពលរដ្ឋថៃចេញពីប្រទេស សូមផ្ដល់ព័ត៌មាន ចំនួន ០៣ថ្ងៃមុន ដើម្បីភាគីថៃរៀបចំក្រុមការងារទទួលយកពលរដ្ឋខ្លួនបានទាន់ពេលវេលាផងដែរ៕