អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករ ក្នុងផ្សារអូរដូនតា ស្រុកសាលាក្រៅ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ នៅចុងសប្ដាហ៍នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករលក់ដូរនៅក្នុងផ្សារអូរដូនតា ស្ថិតនៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា៖ អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបររកទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយសារប្រទេសជាតិ ក៏ដូចជាខេត្តប៉ៃលិនមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះផ្សារអូរដូនតា នៅថ្ងៃអនាគត ក៏មានផែនការគ្រោងរៀបចំកែលម្អបន្ថែម តូបលក់ដូរ ឱ្យកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពររបស់អាជីវករ ជាពិសេសផ្តល់នូវសេវាដល់អតិថិជនពីគ្រប់មជ្ឍដ្ឋាន រួមទាំងភ្ញៀវទេសចរជាតិ–អន្តរជាតិផងដែរ ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់អាជីវករក្នុងផ្សារអូរដូនតាទាំងអស់ ចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ចៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អប្រសើ៕