កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនយុវជនម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីចុះល្បាតក្នុងភូមិសាស្ត្រក្រុងនៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២ និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ ប្រដាប់ដោយកាំបិតចំនួន០១ដើម កំពុងអង្គុយលេងនៅក្នុងតូបមួយកន្លែងក្បែរចញ្ចើមផ្លូវ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ភ្លាមៗនោះកម្លាំងបានចុះត្រួតពិនិត្យ និងឃាត់ខ្លួនបាន០១នាក់ ឈ្មោះ ភាព ជីវី ភេទប្រុស អាយុ២៣ឆ្នាំ និងដកហូតវត្ថុតាង ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំទៅតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការនៅចុងសប្តាហ៍នេះហើយ ដើម្បីអនុវត្តតាមនីតិវិធី៕