ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០២និង០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានព័ត៌មានពីសន្តិសុខថា មានករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ភ្លាមនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ វ៉ូរ៉ាក់ថាន់ វ៉ូវ៉ាក់វង់ ហៅ បែន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥ថង់កិប ទម្ងន់ ៣,២៤ក្រាម, ទូរសព្ទ ចំនួន ០១គ្រឿង,កាបូប ចំនួន០២ រួចនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ ជាលទ្ធផល វិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕