ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ”កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល”
ខេត្តបន្ទាយមានជ័យ៖គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ“កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល“។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ។
លោកស្រី រស់ សុផានី អភិបាលរង ខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តដែលមានខ្លឹមសារថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តដែលមានមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ជាសមាជិកនិងមានការចូលរួមគាំទ្រ សហការដោយអង្គកាដៃគូពាក់ព័ន្ធ បានបន្តធ្វើសកម្មភាពប្រតិបត្តិការតាមយុទ្ធសាស្ត្រទាំងបួននៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៥ឆ្នាំ ២០២៤–២០២៨ រួមមាន: ១–ការលើកកម្ពស់ការបង្ការទប់ស្កាត់,២–ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ(ការបង្ក្រាប និងការផ្ដន្ទាទោស), ៣–កិច្ចគាំពារជនរងគ្រោះ ,៤–ការងារបណ្ដុះបណ្ដាល សិក្ខាសាលា និង៥–ទិសដៅបន្ត។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ចាប់តាំងពីប្រទេសយើងទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ ក្រោមនយោបាយ ឈ្នះឈ្នះ របស់មគ្គុទេសដ៏ឯកសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ស្ថានភាពសេដ្ឋកិច្ចទីផ្សារសេរី ពោរពេញទៅដោយភាពប្រកួតប្រជែង ទន្ទឹមនិងនោះកម្លាំងពលកម្មគឺជាតម្រូវការដ៏ចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងក្នុងតំបន់ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីអូសទាញកម្លាំងពលកម្ម បរិការណ៍នេះបានផ្ដល់ឱកាសដល់ជនទុច្ចរិតលួងលោម បោកបញ្ឆោតពលរដ្ឋកម្ពុជាយើងក្នុងខណៈដែលពួកគេកំពុងរត់តាមសម្ភារៈនិយមក្នុងសង្គមស៊ីវីល័យ ធ្វើទំនើបកម្មជីវភាពរស់នៅប្រចាំថ្ងៃ បានធ្វើបម្លាស់ទីចំណាក់ស្រុកដោយភាពប្រថុយប្រថានដោយគ្មានសុវត្ថិភាពព្រោះតែខុសច្បាប់ ដោយសារនុយជាអន្ទាក់របស់ពួកមេខ្យល់ ជាលទ្ធផលបាននាំមកនូវការបាក់ព្រាត់ប្រាស់ ទុក្ខសោក ជីដូន ជីតា ក្លាយជាអ្នកទទួលបន្ទុករ៉ាប់រងចិញ្ចឹមចៅ ហើយបន្ទុកទាំងអស់នេះ បានធ្លាក់មកលើរាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយ រែកពុន ដោយមិនទុកឲ្យជនណាម្នាក់រងគ្រោះឬស្លាប់ដោយកត្តាខ្វះជីវភាពនោះឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ស្ថិតក្នុងនីតិកាទី៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចាត់បញ្ហាទាំងអស់ខាងលើនេះជាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយតាមរយៈការបង្កើតប្រព័ន្ធសុវត្ថិភាពសង្គម ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យក្នុងទូទាំងប្រទេស សំដៅឱ្យពួកគេក្លាយជាបុគ្គលដែលមានចំណេះ ជំនាញអាចចិញ្ចឹមជីវិតបង្កើនសេដ្ឋកិច្ចគ្រួសារ ប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកជំរុញបង្កើនសេដ្ឋកិច្ចជាតិ ក្នុងមហិច្ឆតានៃចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥។ដូច្នេះឯកឧត្តម ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបន្តបំពេញភារកិច្ចតាមតួនាទី ខិតខំតាមដានបាតុភាពនិងបទល្មើសផ្សេងៗឱ្យបានជាប្រចាំ សមត្ថកិច្ចនៅតាមបណ្ដាលអង្គភាពត្រួតពិនិត្យច្រកព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការទទួលខុសត្រូវដោយយកចិត្តទុកដាក់គ្រប់គ្រងព្រំដែននិងលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំដែលនាំឲ្យមានអំពើជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗផងដែរ៕