ស្ត្រីម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះករណីបាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បាត់ដំបង 1R-6569 កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមកនោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវ និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញាជនសង្ស័យជាមនុស្សស្រី និងបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២៣ ខែធ្នូ ទើបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រី សារ៉ាវ ភេទស្រី អាយុ៣៨ឆ្នាំ នៅចំណុច កាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-5943 ចំនួន០១គ្រឿង, ២.ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាលេខ សៀមរាប1G-9637 ចំនួន០១គ្រឿង, ៣.ប្រាក់ថៃ ចំនួន២២,០០០(ពីរម៉ឺនពីរពាន់)បាត, ៤.ទូរសព្ទម៉ាកNOKIA ចុចពិល ពណ៌ខ្មៅ ចំនួន០១គ្រឿង ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូដែលមានភិនភាគខាងលើពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕