សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង–ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្ត៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទូទាំងខេត្ត រួមនឹងអង្គការសង្គមស៊ីវិល ផងដែ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់ដែលកន្លងមកខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបំពេញបេសកកម្មបម្រើជាតិមាតុភូមិសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យមានមោទនភាពក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកត់សម្គាល់ផងដែរនូវសភាពការណ៍និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្ត ខិតខំសម្រេចបាននូវឆ្នាំ២០២៤នេះ។ អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាឆ្នាំទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានកំណត់កម្មវិធីនយោបាយជាអាទិភាពចំនួន ៦ចំណុច ដែលត្រូវអនុវត្តភ្លាមចាប់ពីខែកញ្ញា ឆ្នាំ២០២៣ កន្លងមករួមមាន: ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ,ការគិតគូរពីផលប្រយោជន៍អ្នកប្រកបរបរទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធឲ្យទទួលបាននូវប្រព័ន្ធគាំពារសង្គម ,ការដាក់ចេញនូវយន្តកាសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ,ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ–សង្កាត់ ។ទាំងអស់នេះគឺជាត្រីនិស្ស័យដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវ ជាពិសេសបានការឧបត្ថម្ភគាំទ្រទាំងស្មារតីនិងធនធានយ៉ាងកក់ក្តៅពីរឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យនគរបាល ,កងរាជអាវុធហត្ថ និងតុលាការ រួមគ្នាអនុវត្តតាមបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានមឺងម៉ាត់បំផុតដោយមិនលើកលែង ចំពោះក្មេងទំនើងដែលកំពុងកើតឡើងសារជាថ្មី បង្កភាពអាណាធិបតេយ្យ ដេញ កាប់ ចាក់គ្នាជាក្រុមធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច សម្រាប់ខេត្តបន្ទាយមានជ័យដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺមានក្រុងប៉ោយប៉ែត ក្រុងសេរីសោភ័ណ្ឌ និងមង្គលបុរី ។ម្យ៉ាងវិញទៀតរួមគ្នាពិនិត្យនិងទប់ស្កាត់ទៅលើជនបរទេសសំដៅទៅលើជនជាតិឥណ្ឌាដែលបានបោកបញ្ឆោតផ្ដល់ប្រាក់កម្ចីឲ្យទៅប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសតាមជនបទ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ។
ដោយឡែកសម្រាប់អនាម័យនិងបរិស្ថាន ដោយសារក្រុង ស្រុករបស់យើងមានការកសាងអភិវឌ្ឍន៍ច្រើន ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំ/សង្កាត់ ស្រុក ក្រុង រួមគ្នាចុះត្រួតពិនិត្យដើរមើលតាមផ្សារនិងផ្ទះរបស់ប្រជាពលរដ្ឋលើបញ្ហាសម្អាតបរិស្ថាន អនាម័យ និងធ្វើការណែនាំដល់ពួកគាត់ពីផលប៉ះពាល់ផងដែរ៕