សមាគមសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖លោក ហង្ស រ៉ាត់ ប្រធានសមាគមសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នារសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិការ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣ គ្រួសារ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អំណោយដែលទទួលបានពីសប្បុរសជននិងសមាជិក សមាជិកា សមាគម សាខាខេត្ត ផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ក,មីកញ្ចប់និងកំប៉ុង,ទឹកក្រូច,ទឹកផ្លែឈើ,ទឹកត្រី,ប្រេងឆា,ស្កស,អំបិល,ថ្នាំដុះធ្មេញ,ច្រាសដុះធ្មេញ ,សាប៊ូ និងថវិការ ចំនួន១០ម៉ឺនរៀល ផងដែរ។
នាឱកាសនោះដែរ លោក ហង្ស រ៉ាត់ ប្រធាន សាខាខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលជានិច្ចជាកាលឯកឧត្តមបណ្ឌិត ប្រធានសមាគម តែងតែយកចិត្តទុកដាក់គិតគូពីសុខទុករបស់ប្រជាពលរដ្ឋ ទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែជាចំណែកមួយកាត់បន្ថយការខ្វះខាតមួយគ្រា ហើយក៏ជាការចូលរួមចំណែកជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ៕