យុវជនម្នាក់ បង្កហិង្សាដោយចេតនា បណ្តាលឲ្យមានរបួសស្នាម នៅចំណុចក្រោយកាស៊ីណូផារ៉ាមិច ក្នុងក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋករណីហិង្សាដោយចេតនា នៅចំណុចក្រោយកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លឿង ភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ ព្រមទាំងដកហូតវត្ថុតាង ដុំឥដ្ឋប្រហោង ពណ៌លឿង ចំនួន០១ដុំ ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះវាយខ្លួនមុន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕