ឯកឧត្ដម ឌិត ទីណា ជំរុញដល់រដ្ឋបាលខេត្ដ ក្រុង ស្រុក លើកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ខេត្តបន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឌិត ទីណា បានជំរុញដល់រដ្ឋបាលខេត្ដ ក្រុង–ស្រុក ខិតខំបំពេញកិច្ចការងារឱ្យបានកាន់ល្អប្រសើរថែមទៀត ជាពិសេសលើកិច្ចការងារបំរើរសេវាជូនប្រជាពលរដ្ឋឱ្យ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋដែលមកស្នើសុំសេវា ក៏ដូចជាធ្វើជាគម្រូរលើការផ្តល់សេវាជូនពលរដ្ឋ និងយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ–សង្កាត់ ” ស្នាមញញឹមខេត្តបន្ទាយមានជ័យ ” ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បន្តថា ក្នុងនាមក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន បន្ទាយមានជ័យ ចង់ឃើញការផ្តល់សេវារបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រុង–ស្រុក ឃុំ–សង្កាត់ ជូនដល់បងប្អូនប្រជាពលរដ្ឋបានល្អលឿនរហ័ស ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងនាមមន្ត្រីបម្រើប្រជារាស្ត្រ យើងត្រូវតែមានក្រមសីលធម៌ មិនត្រូវមានការរើសអើង ឬប្រើពាក្យសម្តីមិនសមរម្យចំពោះប្រជាពលរដ្ឋឡើង។ មួយវិញទៀតត្រូវមានការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្វែងរកនូវបញ្ហាប្រឈម នឹងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើងបន្ថែមទៀត។
ជាងនេះទៅទៀតដើម្បីចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបក្មេងទំនើងនៅក្នុងមូលដ្ឋាន ឯកឧត្ដម ឌិត ទីណា ជំរុញដល់គ្រប់បណ្ដាសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវបន្តរួមដៃគ្នាធ្វើការបង្ក្រាបក្មេងទំនើង កុំឱ្យបង្កអសន្តិសុខក្នុងមូលដ្ឋាន ត្រូវធ្វើការស្រាវជ្រាវក្រុមពាក់ព័ន្ធ ដើម្បីយកមកអនុវត្ដនៅតាមនីតិវិធី ដោយគ្មានលើលែងឡើយ ៕