ស្រុកជើងព្រៃ ប្រារព្វមីទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥
(កំពង់ចាម) ឯកឧត្តម ហាន កុសល និង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម មីទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ស្ថិតនៅសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានសមាជិកចូលរួមប្រមាណ១.៥៥៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបរបរផ្សេងៗ ការធ្វើដើរណើរកំសាន្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសការជួបជុំក្រុមគ្រួសារ សាច់ញាតិ ប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។
ឯកឧត្តមបណ្ឌិត ថ្លែងបន្តថា សូមបងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា រួបរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕