ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​គោរពវិញ្ញា​ណក្ខន្ធសព​ ឯកឧត្តម ឈៀង អ៊ិត អតីតសមា​ជិកក្រុម​ប្រឹក្សា​ខេត្ត

ប៉ៃលិន៖ នៅគេហដ្ឋានសព ​ស្ថិតក្នុង​ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែម​ករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការ​ងាររាជរដ្ឋាភិបា​លចុះមូលដ្ឋាន​ខេត្តប៉ៃលិន អមដំ​ណើរដោ​យ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា​ងរាស្ត្រមណ្ឌលប៉ៃលិន, ឯកឧត្តម ជា ចាន់​ឌិន ប្រធានក្រុមប្រឹ​ក្សាខេត្ត, បានអ​ញ្ជើញគោរព​វិញ្ញាណក្ខន្ធ និងចូលរួមរំ​លែកទុក្ខដ៏​ក្រៀម​ក្រំជា​មួយក្រុមគ្រួសា​រនៃសព ឯកឧត្តមឧត្តម​សេនីយ៍ឯក ឈៀង អ៊ិត ទីប្រឹក្សាក្រ​សួងការពារ​ជាតិ និងជាអតីត​សមាជិ​កក្រុមប្រឹក្សាខេត្ត ដែល​បានទទួលមរណៈភាពដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ វេលាម៉ោង ២៖៤៤នាទីរសៀល នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បាន​សម្តែង​នូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះកា​របា​ត់បង់ ឯកឧត្តមឧត្តមសេនីយ៍ឯក ឈៀង អ៊ិត ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោ​រពស្រលាញ់ ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការ​បាត់បង់​នូវឥ​ស្សរជន ដែលជាបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ និងប្រជាជននៅក្នុងខេត្ត ហើយសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត និង ថែរក្សាសុខភាព អោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ។

ជាការឆ្លើយតប តំណាងគ្រួសារស​ព ក៍បានថ្លែងអំណ​រគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមទេ​សរដ្ឋមន្ត្រី អ៊ី ឈាន និង​ថ្នាក់ដឹកនាំខេត្ត ព្រមទាំ​ងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់​កិត្តិយ​សអញ្ជើញចូលរួ​មពិធីបុណ្យសព ព្រមទាំងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតា​មជួយ​បីបា​ច់ថែរក្សាដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួល​បានជ័យជំនៈគ្រប់ភារកិច្ច។

នៅក្នុងឱកាសនោះផង​ដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ព្រមទាំងថ្នាក់ដឹកនាំ បានធ្វើការគោរព​វិញ្ញាណក្ខន្ធសព ឯកឧត្តមឧត្តមសេ​នីយ៍ឯក ឈៀង អ៊ិត និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឱ្យបាន​ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងប្រគល់សារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព និងឧបត្ថម្ភ ថវិកាចំនួន ៤លានរៀល សម្រាប់ចាត់ចែង និង រៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណីផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button