ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិត​មូលដ្ឋាន ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកង​រាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ និ​ងជាអនុប្រធាន​សហព័ន្ធកីឡាគុន​បញ្ចស៊ីឡាត់កម្ពុជា តំណាង លោក​ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជា​ប្រធានស​ហព័ន្ធកីឡាគុនប​ញ្ចស៊ីឡាត់កម្ពុជា បានអញ្ជើ​ញជាអធិបតីភាព ក្នុង​ពិធី​បើកវគ្គប​ណ្តុះ​បណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ចំនួន៤០នាក់ ដែលមានរ​យៈពេល៣ថ្ងៃ (ថ្ងៃទី១៣១៥ ខែមករា ឆ្នាំ ២០២៥)

លោក អ៊ួ តារា អគ្គលេ​ខាធិការស​ហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានឱ្យដឹងថា ក្បាច់គុនបញ្​ចស៊ីឡាត់ គឺជាក្បាច់គុនប​ញ្ជាក់ពីប្រពៃ​ណី វប្បធ​ម៌​​ អ​ត្តសញ្ញា​ណជាតិ ឥណ្ឌូណេស៊ី ដែលត្រូវបា​នបង្កើតស​ហព័ន្ធឡើងនៅឆ្នាំ១៩៤​៨ បានបង្ហាញខ្លួន​ជាលើ​កដំ​បូងនៅក្នុង​ការប្រកួត​កីឡាអាស៊ី​អាគ្នេយ៍ ឆ្នាំ១៩​៨៧ និងកីឡា​អាស៊ីឆ្នាំ២០១៨ ដែលទាំ​ងពីរលើក​បានធ្វើឡើង​នៅប្រទេសឥណ្ឌូណេ​ស៊ី និងត្រូវបា​នចុះបញ្ជីជា​សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំលើកទី១៤ នៃកិច្ចប្រជុំគណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ដើម្បី​ការពារបេ​តិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ ដែលប្រារព្ធឡើងនៅទីក្រុងបូហ្គូតា នៃប្រទេ​សកូឡុំប៊ី។

នាឱកាសនោះដែរ លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ា​ងកក់ក្តៅ ចំ​ពោះការរៀបចំពិ​ធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាប​ញ្ចស៊ីឡា​ត់កម្រិត​មូលដ្ឋាន ឆ្នាំ២០២៥ ជាថ្ងៃប្រវត្តិសាស្ត្រ លើកទី១ ដែលស​ហព័ន្ធកី​ឡា​បញ្ចស៊ីឡាត់ក​ម្ពុជា បានអញ្ជើញមន្ត្រីបច្ចេកទេសមកពីសហព័ន្ធកីឡាបញ្ចស៊ីឡាត់អន្តរជាតិ មកធ្វើការបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជា។ លោកក៏បានបញ្ជាក់ថា ដោយមានការយ​កចិត្តទុក​ដា​ក់ពីរាជរដ្ឋាភិបាល អនុស្សារណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរ​ការហ្វឹកហាត់រវា​ងក្បាច់គុនល្បុក្កតោ​កម្ពុជា និងក្បាច់គុនបញ្ចស៊ីឡាត់របស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២​២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយ​ករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា និងលោក ប្រាបូប៉ូ ស៊ូប៊ីអានតូ ប្រធានា​ធិបតី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី និងជាប្រធានសហ​ព័ន្ធបញ្ចស៊ីឡាត់អន្តរ​ជាតិ នៅវិមានសន្តិភា​ព និងក្រោម​ការដឹកនាំរបស់ ឯកឧត្តមសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធាន​សហព័ន្ធកីឡាគុន​បញ្ចស៊ីឡាត់​កម្ពុជា កីឡាបញ្ចស៊ីឡាត់ ទទួលបានកា​រចាប់អារម្មណ៍​ខ្លាំងពីសំណាក់​មហាជននៅព្រះ​រាជាណាចក្រកម្ពុជា និ​ងសម្រេចបាននូវកិច្ចការងារ និងសមិទ្ធិផលល្អៗ​ជាច្រើ​នជូនជាតិកម្ពុជាយើ​ង​។

ជាចុងក្រោយ​លោកក៏សង្ឃឹម និងជឿជាក់​ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកា​មទាំង​អស់ និងក្លាយទៅជាគ្រូបង្វឹកដែ​លមាន​ទេពកោសល្យក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាកា​រិនីឱ្យទទួលបាន​គុនផលល្អ និងជាចៅក្រម អាជ្ញាកណ្តាល ដែលមានជំនាញច្បាស់លា​ស់ក្នុងការវិនិច្ឆ័យ ដើម្បីឆ្ពោះទៅ​រៀបចំព្រឹត្តិការណ៍ការប្រកួតនានាទាំងក្នុងប្រទេស និងអន្តរជាតិ។

ក្នុងនាមសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភ​ការធ្វើដំណើ​រ ស្នាក់នៅ ក្នុងពេលបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ី​ឡាត់កម្រិ​តមូលដ្ឋាន ឆ្នាំ២០២៥ រ​យៈពេល០៣ថ្ងៃ ថវិកាចំនួន៣០០០ដុល្លារផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button