អភិបាលខេត្តប៉ៃលិន អំពាវនាវឲ្យបងប្អូនអ្នករត់ម៉ូតូឌុប និងតាក់ស៊ីសូមរាយការណ៍ជូនសមត្ថកិច្ច បើប្រទះឃើញបទល្មើស
(ខេត្តប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយបងប្អូនប្រកបរបររត់តាក់ស៊ី និងរត់ម៉ូតូឌុប ចំនួន ២៣៦នាក់ ដែលកំពុងប្រកបអាជីវកម្មក្នុងខេត្ត ។ ការជួបសំណេះសំណាលនេះ គឺបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូតាក់ស៊ី ដែលកំពុងតែមមាញឹកក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ ក្នុងបរិបទជំងឺកូវីដ–១៩ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ សំដៅជួយដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រួលដល់បងប្អូនដែលប្រកបមុខនេះ ឲ្យកាន់តែមានភាពងាយស្រួល និងមានជីវភាពធូរធារ។
លោកជំទាវអភិបាលខេត្ត បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។
លោកជំទាវបានបញ្ជាក់ជូន ដល់បងប្អូនអ្នករត់ម៉ូតូតាក់ស៊ី និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ បានជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានភាពងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ មានជីវភាពធូរធារ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពរីកចំរើន និងការអភិវឌ្ឍ ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអភិបាលខេត្ត បានឧបត្ថម្ភដល់ បងប្អូនប្រកបរបររត់ម៉ូតូតាក់ស៊ី និងរត់ម៉ូតូឌុបទាំង២៣៦នាក់ ដោយក្នុងមួយនាក់ ទទួលបាន អង្ករ២៥kg មី១កេស ជែលលាងដៃ និងថវិកា១០ម៉ឺនរៀលផងដែរ៕