មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងព្រះមន្ត្រីសង្ឃ បើកកិច្ចប្រជុំបន្ទាន់មួយស្ដីពីការរៀបចំកម្មវិធីបុណ្យមាឃបូជា
ខេត្តបន្ទាមានជ័យ៖នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងព្រះមន្ត្រីសង្ឃខេត្ត បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីការរៀបចំកម្មវិធីបុណ្យមាឃបូជាដោយសម្រេចបង្កើតគណៈកម្មការអនុគណៈកម្មការផ្សព្វផ្សាយ អនុសំវច្ចរៈមហាសន្និបាតព្រះមន្ត្រីសង្ឃ ខេត្តបន្ទាយមានជ័យលើកទី២៩ ត្រូវបានកំណត់នាថ្ងៃសុក្រ សៅរ៍ អាទិត្យ ១រោច ២រោច ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥៥ ត្រូវនឹងថ្ងៃទី១៨ ១៩និងថ្ងៃទី២០ ខែមិនា ឆ្នាំ ២០២២ខាងមុខនេះ ដែលប្រារព្ធធ្វើនៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។កិច្ចប្រជុំខាងលើនេះបានប្រព្រឹត្តទៅនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជា ស៊ីម ក្នុងបរិវេណវត្តចមសុទ្ធាវាស វត្តស្វាយចាស់ ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា យោងតាមលិខិតលេខ ០១ /២០២២ គជបអ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិអន្តរជាតិ និងសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាស្ដីពីការរៀបចំបុណ្យមាឃបូជា ដែលត្រូវធ្វើការប្រារព្ធឡើងនាថ្ងៃទី១៦ ១៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។
លោក បៀវ ថាន បន្តថា បុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខកខាន ពិធីនេះប្រារព្ធឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យ ដែលប្រាកដដោយគុណតម្លៃដ៏មហាអស្ចារ្យកើតឡើងនៅថ្ងៃពេញបូណ៌មីខែមាឃ គឺថ្ងៃប្រជុំចតុរង្គសន្និបាតសម្ដែងឱវាទបដិមោក្ខ និងថ្ងៃតែព្រះអង្គប្រជុំប្រកាសដាក់កំណត់ព្រះជន្មាយុសង្ខារ។ជារៀងរាល់ឆ្នាំពុទ្ធសាសនិកជនខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅថ្នាក់ជាតិនិងគ្រប់វត្តទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត នឹងធ្វើនូវកត្តញ្ញូកត្តវេទីដល់ព្រះសាស្ដាបរមគ្រូ។
ចុងបញ្ចប់នៃកិច្ចប្រជុំនេះផងដែរអង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់ថា អង្គការ FRA ប្រចាំកម្ពុជាបានប្រគេនជាសៀវភៅសម្រាប់ការសិក្សា របស់សមណសិស្សពុទ្ធិកបឋមសិក្សាចំនួន ៤០ សាលាដែលនិមន្តមកពីបណ្ដាស្រុកក្រុង។
នាឱកាសនោះលោក បៀវ ថាន ក៏បានសម្ដែងនូវអគុណចំពោះអង្គការហ្រ្វា រស់នៅកោះតៃវ៉ាន់ ដែលជានិច្ចកាលអង្គការ ហ្រ្វា តែងតែជួយផ្គត់ផ្គង់រាល់អំណោយ ជាសម្ភារៈសិក្សាជាច្រើនលើករួចមកហើយ ជាពិសេសបានជួយឧបត្ថម្ភជាអង្ករ មី ត្រីខ ដល់ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋទីទាល់ក្រ ក្នុងអំឡុងកាលៈទេសៈកូវីដ១៩ផងដែរ។គួរបញ្ជាក់ថា អង្គការហ្រ្វា បានប្រគេនសៀវភៅលើកទី ៥ សរុប ២៩៣៩២ ក្បាលអំណោយជាថវិកាអស់ចំនួន៤៧៦១៦ដុល្លារសហរដ្ឋអាមេរិក ៕