សត្វគោអ្នកស្រុកថ្មពួកចំនួន៥ក្បាល ត្រូវរន្ទះបាញ់ងាប់ ក្រោយពីភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្សល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងខ្លាំង
(បន្ទាយមានជ័យ)៖សត្វគោចំនួន៥ក្បាលបានងាប់ ក្រោយពីរន្ទះបាញ់ កាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖នៅវេលាម៉ោងថ្ងៃខែខាងលើនៅភូមិសាស្ត្រស្រុកថ្មពួក មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង នៅឃុំចំនួន០៤ មាន៖ឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មីនិងឃុំគោកកឋិន។ក្នុងខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែរន្ទះបានបាញ់សត្វគោអ្នកស្រុកបណ្តាលឲ្យងាប់ចំនួន៥ក្បាល ដោយមានម្ចាស់ឈ្មោះ គត់ សេងគី ភេទប្រុស អាយុ៣៧ឆ្នាំ (សត្វគោងាប់) ចំនួន០៤ក្បាលមេ២ និងម្ចាស់ឈ្មោះគុន កន ភេទប្រុស អាយុ៤០ឆ្នាំ (សត្វគោងាប់) ចំនួន០១ក្បាលញី ។ម្ចាស់សត្វទាំង០២នាក់រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុថ្មពួក ។
តាមការបំភ្លឺពីម្ចាស់សត្វគោទាំង០២នាក់ បានរៀបរាប់ថា៖នៅមុនពេលកើតហេតុ គាត់បានយកសត្វគោទៅចងឲ្យស៊ីស្មៅនៅខាងលិចភូមិ នៅពេលឃើញមេក្តៅខ្លាំងក៏យកគោទៅចងនៅក្រោមដើមឈើ ក្រោយមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្សល់និងផ្គររន្ទះ បានបាញ់សត្វគោទាំង០៥ក្បាល នោះងាប់តែម្តង។ចំពោះមនុស្សពុំមានគ្រឿថ្នាក់អ្វីនោះទេ ។
ទាក់ទិននឹងមានបាតុភូមិដ៏អាក្រក់នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នេះជារដូវ វស្សា បើទៅធ្វើស្រែចម្ការ ឃើញមេឃរកកលនឹងភ្លៀង ត្រូវរត់រកទីកន្លែងដែលមានសុវត្ថិភាព ព្រោះមានភ្លៀងភាគច្រើនគឺលាយឡំជាមួយខ្សល់និងផ្គររន្ទះ ៕