គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ អញ្ជើញតំណាងគណបក្សនយោបាយចូលរួមកិច្ចប្រជុំ
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានកោះអញ្ជើញតំណាងគណបក្សនយោបាយទាំងអស់ក្នុងខេត្ត ចូលរួមកិច្ចប្រជុំស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាល់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ខាងមុខនេះ។
លោក ហី គឹមសេង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យមាន ៦៧ ឃុំ សង្កាត់ ដែលមានគណបក្សនយោបាយចំនួន១១ គណបក្ស ដែលត្រូវធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់រួមមាន គណបក្សប្រជាជនកម្ពុជា ខ្មែរតែមួយ យុវជនកម្ពុជា ភ្លើងទៀន ខ្មែរស្រលាញ់ជាតិ ខ្មែររួបរួមជាតិ កម្ពុជានិយម សញ្ជាតិកម្ពុជា រស្មីខេមរា ហ៊ុនស៊ិនប៉ិច និងគណបក្សកែទម្រង់កម្ពុជា។
លោក ហី គឹមសេង បន្តថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូននិងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយនិងបរិយាកាសស្ងប់ស្ងាត់ល្អនោះ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន គឺជាមន្ត្រីបោះឆ្នោតដែលបានទទួលការតែងតាំងពី គ.ជ.ប ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាតិ អ្នកសង្កេតការដែលមានបណ័្ណ សំគាល់ផ្តល់ដោយ គ.ជ.ប អ្នកដែលប្រព្រឹត្តអំពើល្មើស ត្រូវទទួលពិន័យ តាមមាត្រា ១៧១ នៃច្បាប់ដោយការផាកពិន័យជាប្រាក់ពីរ ៥លានរៀល ទៅ២០លានរៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ បងប្អូនប្រជាពលរដ្ឋ សមាជិកគណបក្សនយោបាយទាំងអស់ រយៈកន្លងមកដែលបានធ្វើការឃោសនាហែក្បួន តាមដងផ្លូវនានា គឺមានភាពល្អប្រសើរ គ្មានអំពើហិង្សា ចេះគោរពអាធ្យាស្រ័យរវាងខ្មែរនិងខ្មែរ គោរពសិទ្ធិគ្នាទៅវិញទៅមក មិនមានការរើសអើងឬបញ្ចេញកំហឹង កំរាមកំហែងស្ថិតក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អប្រសើរ ដោយគិតថា ខ្មែរស្រឡាញ់ខ្មែរ គ្រាន់តែនិន្នាការនយោបាយខុសគ្នាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះផងដែរ តំណាងគណបក្សនយោបាយក៏បានសំណូមពរ ដល់ គ.ជ.ប និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អមានតម្លាភាព ជាពិសេសថ្ងៃទី៤ ដែលជាថ្ងៃសម្រាកឃោសនា ថ្ងៃសរស្ងប់ស្ងាត់ ៕