ឯកឧត្តម កែ កឹមយ៉ាន និងលោកជំទាវ អញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងមណ្ឌលសាលាបឋមសិក្សា គោរដ្ឋាន
(បន្ទាយមានជ័យ)៖ដោយអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប)បានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទាំងប្រទេសកម្ពុជា។ហើយការបោះឆ្នោត មានរយៈពេលចាប់ពីម៉ោង ៧ព្រឹករហូត ដល់ម៉ោង៣រសៀល ល្ងាច ត្រូវបានបញ្ចប់និងធ្វើការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលរៀងៗខ្លួន។
ដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យ សង្កេតឃើញបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើន ក៏បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមមណ្ឌលរបស់ពួកគាត់ហើយក្នុងនោះ ស្ថិតនៅក្នុងមណ្ឌលសាលាបឋមសិក្សាគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ វត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅមណ្ឌល។ក្នុងនោះក៏មានកងកម្លាំងស្លៀកពាក់ឯកសណ្ឋាន ការពារសណ្ដាប់ធ្នាប់សន្តិសុខ តាមដងផ្លូវ ក៏ដូចជាក្នុងបរិវេណព្រមទាំង ក្នុងការិយាល័យបោះឆ្នោតនីមួយនីមួយផងដែរ ដែលបានប្រព្រឹត្តទៅមានភាពល្អប្រសើរ។
លោក ហី គឹមស ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានបញ្ជាក់ផងដែរថា ព័ត៌មានដែលទទួលបានពីសំណាក់មន្ត្រី(គ.ជ.ប)ខេត្តពេលដំណើរការបោះឆ្នោតនៅពេលចាប់ផ្តើមនៃ ថ្ងៃនេះ ទៅក្នុងបរិយាកាសល្អ ប្រព្រឹត្តទៅដោយភាពរលូន ហើយបងប្អូនទៅបោះឆ្នោតគឺពួកគាត់មិនប្រជ្រៀតគ្នា មានរបៀបរៀបរយនិងមានភាព សប្បាយរីករាយ និងមិនមានការគំរាមកំហែង ឬរំខានអ្វីនោះឡើយ។
លោកបញ្ជាក់បន្ថែមទៀតថា នៅខេត្តបន្ទាយមានជ័យ មានចំនួន៦៧ ឃុំសង្កាត់ មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន១១គណបក្ស សម្រាប់ការិយាល័យមានចំនួន១១១៤ ការិយាល័យ ៦៧ឃុំសង្កាត់ ៩ស្រុក ក្រុងចំនួនប្រជាពលរដ្ឋ ដែលធ្លាប់បានចុះបញ្ជីបោះឆ្នោតនៅឆ្នាំ២០២១ ដែលត្រូវបោះឆ្នោតក្នុងឆ្នាំ២០២២នេះសរុបចំនួន ៤០៥ ៧៣០នាក់ ស្មើនឹង ៨៤,៨៦%លើប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ៤៧០ ៨៨១ នាក់ស្រីចំនួន ២៦៨ ៦១៥នាក់៕