ប្រធានគណៈកម្មការបាល់ទះសំណេះសំណាលជាមួយក្រុមកីឡាករ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មុនចេញដំណើរទៅទៅប្រកួតនៅរាជធានីភ្នំពេញ
(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងជាអនុប្រធានគណៈកម្មការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្តមុនចេញដំណើរទៅរាជធានីភ្នំពេញ ទៅប្រកួតជាមួយក្រុមបាល់ទះថ្នាក់ជាតិ ដើម្បីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ នៅរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា កីឡានាំមកនូវសន្តិភាព សាមគ្គីភាព មិត្តភាព និងសុខភាព ។ មួយវិញទៀត កងកម្លាំងនគរបាលជាតិ ទន្ទឹមនឹងបំពេញភារកិច្ចស្នូល ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ត្រូវមានក្រុមកីឡាករសម្រាប់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចូលរួមប្រកួតជាមួយបណ្តាអង្គភាពនានា ។
លោក ឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា វិស័យកីឡា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់គិតគូរ អំពីវិស័យកីឡានេះ ព្រោះកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អប៉ុណ្ណោះទេ កីឡាគឺនាំមកនូវសាមគ្គីភាព មិត្តភាព ផងដែរ ។
លោកឧត្តមសេនីយ៍ ស្នងការ បានជម្រុញអោយក្រុមកីឡាករនីមួយៗត្រូវខិតខំ វឹកហាត់ បន្ថែមទៀត និងបានផ្តល់កម្លាំងចិត្តដល់ ក្រុមកីឡាករទាំងអស់ សូមទទួលបានជ័យជំនះបន្តទៀតដើម្បីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលខាងមុខនេះឱ្យទាល់តែបាន ៕