ជនជាតិថៃ៣នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង នៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន
(បន្ទាយមានជ័យ)៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការណ៍បង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង ជាជនជាតិថៃបានចំនួន៣នាក់ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩យប់ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃបានចំនួន០៣នាក់ ជាបន្តបន្ទាប់នោះ កម្លាំងសមត្ថិច្ចនគរបាលបានឆែកឆេររកឃើញនូវហូតវត្ថុតាងថ្នាំញៀនសរុបចំនួន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក,ទូរស័ព្ទ០២គ្រឿង,ដែកកេះ០៧, សៀវភៅ០២ក្បាល,កាបូប០២ និងសម្ភារៈវេចខ្ចប់មួយចំនួន។
លោកបញ្ជាក់ថា៖ដំបូងកម្លាំងនគរបាលយើងបង្រ្កាបបានជនសង្ស័យ០២នាក់
១/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ ។
២/-ឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ដកហូតបានវត្ថុតាងម្សៅក្រាមសថ្លាចំនួន៧ថង់។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បញ្ជាក់ទៀតថា៖ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េតនិងឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ កម្លាំងនគរបាលបានបន្តឃាត់ខ្លួនមេខ្លោងបាន ០១នាក់ទៀត ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងឆែកឆេរ ដកហូតបាននូវវត្តុតាងម្សៅក្រាមសថ្លាចំនួន១២១ថង់ ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យខាងលើបានសារភាពថា នេះជាលើកទី១ ដែលពួកគេបានប្រព្រឹត្តរបររកស៊ីលក់គ្រឿងញៀននេះ ។រីឯមេខ្លោងឈ្មោះផានុវាត់ អកតាក់ឡាត ហៅក្រៅ អប នេះធ្លាប់ជាប់ពន្ធនាគារនៅប្រទេសថៃរយៈពេល១០ឆ្នាំផងដែរ ពីបទមនុស្សឃាត ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងខាងលើ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕